ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៤ខែមិថុនានេះ បានសម្រេចជ្រើសរើសឯកឧត្តម ប្រាជ្ញ ចន្ទ ជាប្រធានថ្មី នៃ (គ.ជ.ប) ជំនួសឯកឧត្តម ស៊ិក ប៊ុនហុក ដែលបានសុំលាលែងពីតំណែង នៅដើមខែនេះ ដោយសារបញ្ហាសុខភាព។
ឯកឧត្តម ប្រាជ្ញ ចន្ទ អតីតប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នៅថ្ងៃទី២៤ខែមិថុនានេះ បានជាប់ឆ្នោតជាប្រធានថ្មី នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ដោយសមាជិករដ្ឋសភាទាំងអស់ បានបោះឆ្នោតគាំទ្រផ្តល់សេចក្តីទុកចិត្តទាំងស្រុង។
រដ្ឋសភា បានជ្រើសរើសប្រធាន(គជប) ថ្មីនេះ នៅក្នុងសម័យប្រជុំរដ្ឋសភា លើកទី៦ នីតិកាល ទី៦ ក្រោមអធិបតីភាព សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដោយមានសមាជិកសភា ចូលរួមចំនួន៨២រូប។
ឯកឧត្តម ប្រាជ្ញ ចន្ទ គឺជាបេក្ខជនមួយរូប ក្នុងចំណោម២រូប ដែលបានដាក់ពាក្យស្នើសុំធ្វើ ប្រធានថ្មី នៃ (គ.ជ.ប) ទៅកាន់រដ្ឋសភា ហើយដែលត្រូវបានជ្រើសរើសដោយគណបក្សដឹកនាំរាជរដ្ឋាភិបាល គឺគណបក្សប្រជាជនកម្ពុជា ដោយស្របទៅតាម«ច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត»។
ការរៀបចំនីតិវិធីជ្រើសរើសប្រធានគ.ជ.បថ្មី បានធ្វើឡើងបន្ទាប់ពី ឯកឧត្តម ស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ពាក្យលាលែងពីតំណែង កាលពីថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីមានបញ្ហាសុខភាព។ ឯកឧត្តម ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំង ជាប្រធាន (គ.ជ.ប) កាលពីឆ្នាំ២០១៥ បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ បានរួមគ្នាកែទម្រង់ស្ថាប័នការបោះឆ្នោត ដោយជ្រើសរើសសមាជិកគ.ជ.ប តាមរូបមន្ត៤បូក៤ បូក នឹង១ មានន័យថា គណបក្សនីមួយៗជ្រើសរើសសមាសភាពបួនរូបម្ខាងម្នាក់ ហើយគណបក្សទាំងពីរ ត្រូវជ្រើសរើសសមាសភាពទី៩ ដោយការព្រមព្រៀងគ្នាជាឯកច្ឆន្ទ។
ឯកឧត្ដម ប្រាជ្ញ ចន្ទ ធ្លាប់ជាអភិបាលខេត្តបាត់ដំបង ពីឆ្នាំ២០០១ ដល់២០១៣ ជាអភិបាលខេត្ត ត្បូងឃ្មុំ ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ និងជាតំណាងរាស្ត្រ និងជាប្រធានគណៈកម្មការទី១ នៃរដ្ឋសភា គឺ គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា ពីឆ្នាំ២០១៧ រហូតដល់ក្លាយជាប្រធានគ.ជ.ប នៅពេលនេះ៕
អត្ថបទ៖ ទូច សោភ័ណ