បណ្តាញអង្គការសត្វព្រៃ និងក្រសួងបរិស្ថាន នៅថ្ងៃទី១៥ ខែមករានេះ បានរៀបចំ មហោស្រពសត្វស្លាប និងធម្មជាតិឆ្នាំ២០២៤ នៅសកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលមហោស្រពសត្វស្លាបនេះ គឺមានគោលបំណងសំខាន់ៗ អំពាវនាវពលរដ្ឋទាំងអស់គ្នា បញ្ឈប់ការបរិភោគសាច់សត្វព្រៃ សត្វស្លាប និងសូមបញ្ឈប់ការដាក់អន្ទាក់ និងថ្នាំពុលនានា នាំឲ្យប៉ះពាលការរស់រានមានជីវិតសត្វព្រៃ។

លោក ប៊ូ វរសក្ស ប្រធានអង្គការជីវិតធម្មជាតិនៅកម្ពុជា ថ្លែងថា បច្ចុប្បន្នមានជីវិតសត្វស្លាបប្រមាណជាង ៦០០ប្រភេទ ដែលកម្ពុជា បានធ្វើកត់ត្រាបាននៅទូទាំងប្រទេស ក្នុងនោះមានសត្វស្លាបមួយចំនួនកំពុងមានការកើនឡើង ហើយក៏មានខ្លះជិតផុតពូជ ដែលទាមទារឲ្យយើងទាំងអស់គ្នារួមគ្នាអភិរក្ស បញ្ឈប់ការហូបសាច់សត្វព្រៃ។

លោក សាន់ ស៊ីកុល តំណាងមកពីសមាគមន៍មគ្គុទេសក៏សត្វស្លាបកម្ពុជា បានថ្លែងថា បច្ចុប្បន្ននៅកម្ពុជា មានគោលដោទេសចរណ៍ទស្សនាសត្វស្លាបប្រមាណ៤០កន្លែង មានការទាក់ទាញភ្ញៀវទេសចរអន្តរជាតិទៅទស្សនា ជាពិសេសការទស្សនាតំបន់ប្រភេទសត្វស្លាបកម្រ ហើយលោកក៏អំពាវនាវពលរដ្ឋសូមគ្នាអភិរក្សសត្វកម្រទាំងនោះ ដើម្បីទុកឲ្យភ្ញៀវទេសចរទៅទស្សនា និងលើកកម្ពស់ជីវភាពបានយូរអង្វែង។
លោក ស្រី ស៊ុនលាង អគ្គនាយករង អគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថានថ្លែងថា ការអភិរក្សសត្វព្រៃ នឹងមិនមានភាពជោគជ័យទេ ប្រសិនបើពលរដ្ឋ និងភាគីពាក់ព័ន្ធ មិនចូលរួមសហការថែរក្សា ការពារ អភិរក្សសត្វព្រៃ ។ តាមរយៈអនុវត្តយុទ្ធនាអន្ទាក់សូន្យកន្លងមក បានធ្វើអោយការប្រមាញ់ ការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរចែកចាយលក់សាច់សត្វព្រៃ នៅតាមភោជនីយដ្ឋានហាក់បានថយចុះខ្លាំង ហើយបានផ្លាស់ប្តូរឥរិយាបថរបស់ពលរដ្ឋ ចូលរួមថែរក្សាអភិរក្សសត្វព្រៃ ទុកជូនភ្ញៀវទេសចរទៅទស្សនាកម្សាន្ត និងការកម្ពស់ជីវភាពសហគមន៍បានល្អប្រសើរផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា


