
ប្រទេសជប៉ុន នៅថ្ងៃចន្ទ (ទី១៥ ខែមករា) នេះ បាននិយាយថា កូរ៉េខាងជើង «អាចនឹងអនុវត្តការបង្កហេតុបន្ថែមទៀត» ដោយការលើកឡើងនេះ កើតមានមួយថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយមធ្យម ដែលខ្លួនអះអាងថា មានក្បាលគ្រាប់នុយក្លេអ៊ែរលឿនជាងសំឡេងដើរដោយឥន្ធនៈរឹងថ្មី។
ដោយថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ ប្រធានខុទ្ទកាល័យគណៈរដ្ឋមន្ត្រីជប៉ុន លោក Yoshimasa Hayashi បានបញ្ជាក់ថា មីស៊ីលនេះបានធ្លាក់នៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសជប៉ុន ហើយរដ្ឋាភិបាលនៅតែកំពុងវិភាគនូវព័ត៌មានលម្អិត។
ការបាញ់មីស៊ីល កាលពីថ្ងៃអាទិត្យ (ទី១៤ ខែមករា) ដែលជាលើកទី១ របស់កូរ៉េខាងជើងក្នុងឆ្នាំនេះ ត្រូវបានថ្កោលទោសដោយបេសកជននុយក្លេអ៊ែររបស់ប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុន ដែលបន្ទាប់ពីជជែកតាមទូរស័ព្ទក្នុងពេលដំណាលគ្នាទាំង៣ភាគី បាននិយាយថា ការបង្កហេតុរបស់កូរ៉េខាងជើង គឺជាមូលហេតុនៃអស្ថិរភាព ក្នុងតំបន់។
ហើយការបាញ់មីស៊ីលនេះក៏បានកើតឡើងផងដែរ ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងៗ រវាងប្រទេសកូរ៉េទាំង២ បន្ទាប់ពីការបាញ់បង្ហោះមីស៊ីលបាលីស្ទិកអន្តរទ្វីបជាបន្តបន្ទាប់របស់ទីក្រុងព្យុងយ៉ាង និងផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួន ក៏ដូចជាការពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ ដែលបានបង្កការព្រួយបារម្ភដល់ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តរបស់ខ្លួន៕