
មុនពេលចាកចេញទៅចូលរួមវេទិកាសេដ្ឋកិច្ចពិភព លោកនៅទីក្រុង Davos ប្រទេសស្វីស នាយកគ្រប់គ្រងរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោកស្រី Kristalina Georgieva បានប្រាប់សារព័ត៌មាន AFP ខ្លីៗថា បញ្ញាសិប្បនិម្មិត (AI) នឹងជះឥទ្ធិពលដល់ការងារ ៦០ភាគរយ នៅក្នុងបណ្ដាប្រទេសសេដ្ឋកិច្ចជឿនលឿន។
ដោយដកស្រង់របាយការណ៍របស់ IMF ដែលចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ពាក់ព័ន្ធនឹងប្រធានបទនេះ លោកស្រី Georgieva បាននិយាយនៅក្នុងបទសម្ភាសន៍មួយនៅទីក្រុងវ៉ាស៊ីនតោនថា៖ «បណ្ដាប្រទេសសេដ្ឋកិច្ចជឿនលឿន និងទីផ្សារកំពុងរីកចម្រើនមួយចំនួន នឹងឃើញការជះឥទ្ធិពល (ពី AI) ៦០ភាគរយលើការងាររបស់ពួកគេ»។
ដោយយោងដល់របាយការណ៍របស់ IMF ដែលកត់សម្គាល់ថា ជារួម ស្ទើរតែ ៤០ភាគរយនៃការងារសកលត្រូវប៉ះពាល់ដោយ AI លោកស្រីបានបន្ថែមថា៖ «ហើយបន្ទាប់មកវាធ្លាក់ចុះដល់ ៤០ភាគរយ សម្រាប់ទីផ្សារកំពុងរីកចម្រើន និង ២៦ភាគរយ សម្រាប់ប្រទេសដែលមានប្រាក់ចំណូលទាប»។
សូមបញ្ជាក់ថា របាយការណ៍របស់ IMF លើកឡើងថា ពាក់កណ្តាលនៃការងារដែលរងឥទ្ធិពលពី AI នឹងរងផលប៉ះពាល់អវិជ្ជមាន ខណៈដែលការងារផ្សេងទៀត អាចទទួលបានអត្ថប្រយោជន៍ពីការបង្កើនផលិតភាពដោយសារ AI៕