
ភ្នំពេញ៖ ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ប្រគល់រម៉ក់កង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាល ជូនដល់រដ្ឋបាលរាជធានី ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩។
ក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab បានប្រគល់រម៉ក់កង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ០៣គ្រឿង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាលជាច្រើនមុខទៀត ជូនដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជាមធ្យោបាយដឹកជញ្ជូនបម្រើការងារទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ខណៈដែលជំងឺនេះបាននឹងកំពុងរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយ។
ពិធីប្រគល់ និងទទួលនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នាសាលារាជធានីភ្នំពេញ ក្រោមវត្តមានលោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ និងលោកស្រី ដេវយ៉ានី ឃុប្រាហ្គាដេ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំកម្ពុជា។
ក្នុងឱកាសនោះ លោក ហួត ហៃ បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សារាជធានី គណៈអភិបាលរាជធានីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ នៅរាជធានីភ្នំពេញ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន Bajaj និងក្រុមហ៊ុន Grab ដែលបានផ្តល់ជូននូវរម៉ក់កង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង និងអាវការពារ សម្រាប់បុគ្គលិកសុខាភិបាលនេះ។
តាមរយៈកាយវិការដ៏ល្អប្រពៃប្រកបដោយមនុស្សធម៌ និងគុណធម៌នេះ ពិតជាបានរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងរាជរដ្ឋាភិបាលកម្ពុជា ស្របតាមការអំពាវនាវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ នៅរាជធានីភ្នំពេញ ក៏ដូចជានៅទូទាំងព្រះរាជាណាចក្រកម្ពុជាឱ្យបានទាន់ពេលវលា។
ទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាមួយនេះ ស្តែងឱ្យឃើញអំពីការគិតគូ និងក្តីអាណិតស្រឡាញ់ចំពោះជនរួមជាតិ ដោយឈរលើបុព្វហេតុជាតិសាមគ្គីជាធ្លុងមួយ ក្នុងស្មារតីជួយគ្នា នៅក្នុងកាលៈទេសៈដែលប្រទេសជាតិបាននិងកំពុងជួបប្រទះនឹងគ្រោះភ័យ នៃការរាតត្បាតពីមេរោគកូវីដ-១៩។
សមានចិត្តដ៏ប្រពៃនេះ នឹងត្រូវបានចងចាំទុកដោយរាជរដ្ឋាភិបាល រដ្ឋបាលរាជធានីភ្នំពេញ និងប្រជាជនកម្ពុជាទាំងអស់។ គួរបញ្ជាក់ថា ក្រុមហ៊ុន Bajaj បានប្រគល់រម៉ក់កង់បីពិសេស សម្រាប់ដឹកជញ្ជូនអ្នកជំងឺ ឬវ៉ាក់សាំង ចំនួន ០៣គ្រឿង ហើយក្រុមហ៊ុន Grab បានប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ នូវអាវការពារ សម្រាប់បុគ្គលិកសុខាភិបាលចំនួន៨០០០សម្រាប់ ម៉ាស់ប្រភេទ NK95 ចំនួន ៨,០០០ម៉ាស់ ,មួកការពារ សម្រាប់បុគ្គលិកសុខាភិបាលចំនួន៨,០០០សម្រាប់ ,ស្រោមស្បែកជើង សម្រាប់បុគ្គលិកសុខាភិបាល ចំនួន ៨,០០០សម្រាប់៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា



