
អាជ្ញាធរក្នុងតំបន់ បានរាយការណ៍នៅព្រឹកព្រលឹមថ្ងៃទី ១៥ខែមករាថា ការវាយប្រហាររបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន បានបង្កឲ្យមនុស្ស ៧នាក់រងរបួស ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។
ចំនួនជនស៊ីវិលរងរបួស ត្រូវបានរាយការណ៍ នៅក្នុងតំបន់ឃើសុន (Kherson), សាគីវ (Kharkiv) និងតំបន់ដូណិតស្ក៍ (Donetsk)។
អភិបាលតំបន់ លោក Oleksandr Prokudin បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារតំបន់ ឃើសុន ចំនួន ១២១ លើកក្នុងរយៈពេលមួយថ្ងៃកន្លងមក ហើយទីក្រុងឃើសុន ត្រូវរងការវាយប្រហារចំនួន ៤២លើក។
លោក Prokudin បាននិយាយទៀតថា អ្នកពន្លត់អគ្គិភ័យ៤នាក់ បានរងរបួស នៅពេលដែលយានដ្រូន របស់រុស្សី បានកំណត់គោលដៅទៅលើស្ថានីយពន្លត់អគ្គីភ័យ នៅក្នុងភូមិស្តានីស្កាវ (Stanislav)។
រដ្ឋបាលយោធាភូមិភាគឃើសុន បានរាយការណ៍ថា កងកម្លាំងរុស្ស៊ី បានវាយប្រហារភូមិនេះ នៅព្រឹកថ្ងៃទី ១៥ ខែមករានេះ ដោយបានធ្វើឲ្យខូចខាតដល់ប៉ុស្តិ៍រថយន្តសង្គ្រោះក្នុងស្រុក និងធ្វើឲ្យស្ត្រីអាយុ ៦៩ ឆ្នាំម្នាក់ រងរបួស នៅក្នុងផ្ទះរបស់ខ្លួន។
អភិបាលតំបន់ លោក Oleh Syniehubov បាននិយាយថា កងកម្លាំងរុស្ស៊ី បានវាយប្រហារលើកន្លែងតាំង លំនៅចំនួន១៥ នៅតំបន់ខាគីវ ក្នុងរយៈពេលមួយថ្ងៃកន្លងទៅនេះ។