
អ្នកវិភាគនៅវិទ្យាស្ថានវិភាគវិស័យការពារជាតិ (KIDA) របស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃចន្ទ (ទី១៥ ខែមករា) នេះ បាននិយាយថា គោលដៅរបស់ប្រទេសកូរ៉េខាងជើង គឺដើម្បីអភិវឌ្ឍមីស៊ីលលឿនជាងសំឡេង ដែលមានសមត្ថភាពអាច «ទម្លុះប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងឲ្យកាន់តែមានប្រសិទ្ធភាព»។
កូរ៉េខាងជើងបានឲ្យដឹងនៅថ្ងៃចន្ទនេះថា ខ្លួនបានសាកល្បងមីស៊ីលរយៈចម្ងាយមធ្យមដែលមានក្បាលគ្រាប់នុយក្លេអ៊ែរលឿនជាងសំឡេងដើរដោយដោយឥន្ធនៈរឹងថ្មី កាលពីថ្ងៃមុន ចំពេលមានការកើនឡើននូវការប្រកួតប្រជែង ចំពោះគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយឆ្ងាយជំនាន់ក្រោយ ដែលធ្វើឲ្យកាន់តែពិបាកចាប់បាន និងស្ទាក់ចាប់។
លោក Shin Seung-ki សហការីស្រាវជ្រាវរបស់វិទ្យាស្ថាន KIDA បាននិយាយថា មីស៊ីលល្បឿនលឿនជាងសំឡេងដើរដោយឥន្ធនៈរឹង មានភាពងាយស្រួលក្នុងការប្រតិបត្តិការ និងពិបាកស្ទាក់ចាប់ ហើយកូរ៉េខាងជើងមានបំណងអភិវឌ្ឍសមត្ថភាពមីស៊ីលថ្មីរបស់ខ្លួន ដើម្បីតាមទាន់រុស្ស៊ី និងចិន ក្នុងគោលបំណងទម្លុះប្រព័ន្ធការពារមីស៊ីលរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
ដូច្នេះគោលបំណងរបស់កូរ៉េខាងជើងនៃការបាញ់បង្ហោះមីស៊ីលចុងក្រោយបំផុតរបស់ខ្លួននេះ ជាដំបូង គឺដើម្បីពិនិត្យមើលដំណើរការ ស្ថិរភាព និងភាពនឹងនរនៃម៉ាស៊ីនឥន្ធនៈរឹងថ្មី ហើយបន្ទាប់មកដើម្បីសាកល្បងសមត្ថភាពរបស់យានហោះលឿនជាងសំឡេង (ដើរដោយឥន្ធនៈរឹង) នៅផ្នែកក្បាលគ្រាប់ជាថ្មីម្តងទៀតថា តើវាបង្ហាញលទ្ធផលស្រដៀងគ្នាទៅនឹងការសាកល្បង (មីស៊ីលលឿនជាងសំឡេង) ដែលធ្វើឡើងក្នុងឆ្នាំ២០២២ ដែរឬទេ។
តាមទស្សនៈរបស់ប្រទេសកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក មានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗអំពីសមត្ថភាពរបស់កូរ៉េខាងជើង ដែលអាចផលិតមីស៊ីលយ៉ាងឆាប់រហ័ស ហើយវាយប្រហារមូលដ្ឋាន និងគោលដៅសំខាន់ៗរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។ ជាពិសេស វាមានភាពកាន់តែច្បាស់លាស់ថា ពិបាកក្នុងការស្ទាក់ចាប់មីស៊ីលល្បឿនលឿនជាងសំឡេង ដោយសារវាមានសមត្ថភាពហោះពត់ពេនគេចក្នុងរយៈកម្ពស់ទាប បើប្រៀបធៀបទៅនឹងមីស៊ីលបាលីស្ទិកពីមុន៕