
អង្គការសហប្រជាជាតិ (UN) នៅថ្ងៃចន្ទ (ទី១៥ ខែមករា) នេះ បាននិយាយថា ខ្លួននឹងត្រូវការប្រាក់ចំនួន ៤,២ពាន់លានដុល្លារអាមេរិក ដើម្បីផ្តល់ជំនួយមនុស្សធម៌ នៅអ៊ុយក្រែន ក្នុងឆ្នាំ២០២៤ និងដើម្បីជួយជនភៀសខ្លួនរាប់លាននាក់ដែលបានចាកចេញពីប្រទេសហែកហួរដោយសង្រ្គាមនេះ។
ខណៈដែលសង្រ្គាមនៅតំបន់ហ្គាហ្សាបានគ្របដណ្ដប់លើចំណងជើងធំៗនៃទំព័តសារព័ត៌មាន នៅប៉ុន្មានខែថ្មីៗនេះ សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែននឹងឈានចូលដល់ឆ្នាំទី៣ របស់ខ្លួន នៅក្នុងខែកុម្ភៈខាងនេះ. UN សង្ឃឹមថា នឹងផ្ដល់ជំនួយឲ្យដល់ប្រជាជន ៨,៥លាននាក់ នៅក្នុងប្រទេសអ៊ុយក្រែន និងជនភៀសខ្លួន ២,៣លាននាក់ និងសហគមន៍ម្ចាស់ផ្ទះរបស់ពួកគេ នៅអឺរ៉ុបខាងកើត។
UN បានលើកឡើងថា៖ «រលកនៃការវាយប្រហារ នាពេលថ្មីៗនេះ បានគូសបញ្ជាក់ពីការចំណាយស៊ីវិលដែលត្រូវបានបំផ្លិចបំផ្លាញដោយសង្គ្រាម ខណៈដែលរដូវរងាដ៏សែនត្រជាក់កំពុងធ្វើឲ្យមានតម្រូវការបន្ទាន់កាន់តែខ្លាំងឡើងសម្រាប់ជំនួយមនុស្សធម៌សង្គ្រោះជីវិត»។
ការលុកលុយយ៉ាងពេញលេញរបស់រុស្សី ក្នុងខែកុម្ភៈ ឆ្នាំ២០២២ គឺជាការលុកលុយដ៏ធំបំផុតនៅប្រទេសអ៊ឺរ៉ុប គិតចាប់តាំងពីសង្គ្រាមលោកលើកទី២ និងជាវិបត្តិជនភៀសខ្លួនដ៏ធំបំផុតដែលទ្វីបនេះជួបប្រទះ ចាប់តាំងពីជម្លោះឆ្នាំ១៩៣៩ ដល់ឆ្នាំ១៩៤៥។
UN បាននិយាយថា មនុស្ស ១៤,៦លាននាក់នឹងត្រូវការជំនួយមនុស្សធម៌នៅក្នុងប្រទេសអ៊ុយក្រែន ក្នុងឆ្នាំ២០២៤ ពោលគឺ ៤០ភាគរយនៃចំនួនប្រជាជនទាំងអស់ ដែលខ្លួននឹងព្យាយាមជួយឲ្យដល់ ៨,៥លាននាក់ ដែលត្រូវការជំនួយបំផុត៕