តាកែវ ៖ យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដែលរៀបចំដោយក្រសួងការពារជាតិ សហការជាមួយ អាជ្ញាធរខេត្តតាកែវ បាននឹងកំពុងប្រព្រឹត្តិទៅ សម្រាប់ពលរដ្ឋស្រុកបាទី និងស្រុកសំរោង ដែលជាស្រុកមាន ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ច្រើននោះ។
លោក ភួន ឈីម អភិបាលស្រុកបាទី បានឲ្យដឹងថា សម្រាប់ស្រុកបាទី គ្រោងនឹងចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ ប្រភេទស៊ីណូវ៉ាក់ ដល់ប្រជាពលរដ្ឋប្រមាណ១០ម៉ឺននាក់ នៅក្នុងរយៈពេល១០ថ្ងៃ ឱ្យបានរួចរាល់ ហើយក្នុងរយៈពេល១ថ្ងៃ បានចាក់ជូនដល់ប្រជាពលរដ្ឋ ចំនួនជាង៧ពាន់នាក់។
លោក កេត ម៉ៅ អភិបាលស្រុកសំរោង បានឲ្យដឹងដែរថា សម្រាប់ស្រុកសំរោង ដែលក្រុមគ្រូពេទ្យ យោធា ចុះមកចាក់ជូនប្រជាពលរដ្ឋ គឺមានប្រជាពលរដ្ឋប្រមាណជាង៩ម៉ឺននាក់ នឹងត្រូវចាក់ ហើយ អាជ្ញាធរស្រុក បានរៀបចំទីតាំងចំនួន៦ សម្រាប់ការចាក់វ៉ាក់សាំងនេះ។
លោកអភិបាលស្រុកសំរោង បានបន្តថា ក្រៅពីប្រជាពលរដ្ឋនៅក្នុងស្រុកសំរោង ដែលមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅ ដែលនឹងត្រូវទទួលការចាក់វ៉ាក់សាំងនោះ អាជ្ញាធរ ក៏នឹងធ្វើការចាក់ជូនដល់កម្មករ រោងចក្រមួយចំនួន ដែលមកពីស្រុកក្រៅ មកបម្រើការងារនៅរោងចក្រ នៅក្នុងសំរោងផងដែរ។
គិតមកដល់ពេលនេះ ខេត្តតាកែវ មានអ្នកកើតជំងឺកូវីដ-១៩ ចំនួនជាងពីរពាន់នាក់ ក្នុងនោះជា សះស្បើយចំនួនជាង១ពាន់នាក់ និងមានអ្នកជំងឺកូវីដ-១៩ បានបាត់បង់ជីវិត ចំនួន១៥នាក់៕
អត្ថបទ៖ គុជ វិភាគ