
វិមានក្រឹមឡាំងនៅថ្ងៃចន្ទ (ទី១៥ ខែមករា) នេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ីកំពុងធ្វើឲ្យកាន់តែប្រសើរឡើងក្នុងទំនាក់ទំនងជាមួយ «ដៃគូរបស់យើង» គឺកូរ៉េខាងជើង នៅគ្រប់វិស័យទាំងអស់ ហើយនឹងបង្កើតកិច្ចព្រមព្រៀងដែលសម្រេចបាន រវាងមេដឹកនាំរបស់ប្រទេសទាំង២ នៅពេលដែលមេដឹកនាំទាំង២ បានជួបគ្នានៅមជ្ឈមណ្ឌលបាញ់បង្ហោះអវកាសរុស្ស៊ី កាលពីឆ្នាំមុន។
កាលពីខែកញ្ញា ប្រធានាធិបតី លោក វ្ល៉ាឌីមៀរ ពូទីន បានស្វាគមន៍មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅឯកន្លែងបាញ់បង្ហោះយានអវកាស Vostochny នៅចុងភាគខាងកើតរបស់រុស្ស៊ី ហើយបានសន្យាថានឹងជួយកូរ៉េខាងជើងបង្កើតផ្កាយរណប។
ខណៈដែលរដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង លោកស្រី Choe Son Hui បានចាប់ផ្តើមដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ «កូរ៉េខាងជើងគឺជាប្រទេសជិតខាង និងជាដៃគូជិតស្និទ្ធបំផុតរបស់យើង ដែលពួកយើងកំពុងអភិវឌ្ឍ និងមានបំណងអភិវឌ្ឍភាពជាដៃគូបន្ថែមទៀតលើគ្រប់វិស័យ»។
រុស្ស៊ីបានបង្កើនទំនាក់ទំនងជាមួយកូរ៉េខាងជើង និងប្រទេសផ្សេងទៀតដែលមានអរិភាពជាមួយសហរដ្ឋអាមេរិក ដូចជាអ៊ីរ៉ង់ជាដើម ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមជាមួយអ៊ុយក្រែន ពោលគឺជាទំនាក់ទំនងដែលជាប្រភពនៃការព្រួយបារម្ភ សម្រាប់លោកខាងលិច។
សហរដ្ឋអាមេរិក និងអ៊ុយក្រែនក្នុងខែនេះ បានចោទប្រកាន់រុស្ស៊ីថា បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លី ដែលផ្គត់ផ្គង់ដោយកូរ៉េខាងជើង ទៅកាន់ប្រទេសអ៊ុយក្រែន ជាអ្វីដែលរុស្ស៊ីបដិសេធមិនបញ្ជាក់អះអាង ឬច្រានចោល៕