ភ្នំពេញ ៖ ក្រុមហ៊ុន Orange SA របស់បារាំង ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ហើយបច្ចុប្បន្នកំពុងធ្វើការវិនិយោគនៅកម្ពុជាបានសន្យាថានឹងពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត តាមរយៈខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅកាន់បណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោក។
នៅក្នុងកិច្ចជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជានៅទីក្រុង ប៉ារីស ប្រទេសបារាំងនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោក Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង Orange Group បានលើកឡើងថា «ក្រុមហ៊ុន Orange Group បានចងសម្ព័ន្ធភាពជាមួយក្រុមហ៊ុនក្នុងស្រុក ហើយបច្ចុប្បន្នក្រុមហ៊ុនបាន និងកំពុងព្យាយាមពង្រីកការវិនិយោគបន្ថែមទៀត ដើម្បីពង្រឹងប្រព័ន្ធ 5G ឱ្យមានប្រសិទ្ធភាពខ្ពស់ មានគុណភាពល្អ និងកាត់បន្ថយចំណាយលើការប្រើប្រាស់។ ក្នុងឱកាសនោះដែរ លោកនាយកប្រតិបត្តិ បានគូសបញ្ជាក់ថា ក្រុមហ៊ុនOrange Group ចាប់អារម្មណ៍លើការពង្រីកការវិនិយោគបន្ថែមទៀតលើការតភ្ជាប់ផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ពីកម្ពុជាទៅកាន់បណ្ដាប្រទេសផ្សេងៗទៀត តាមរយៈ ខ្សែកាបអុបទិកក្រោមបាតសមុទ្រពីកម្ពុជាទៅបណ្តាប្រទេសនានា»។
នៅក្នុងកិច្ចជំនួបនោះដែរ Emmanuel Rochas ក៏បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើន និងសកម្មភាពនៃប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន Orange Group និងបំណងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសស្វាគមន៍ចំពោះលោក Emmanuel Rochas នាយកប្រតិបត្តិ និងសហការី និងបានបង្ហាញក្តីរីករាយចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានោះសម្តេចធិបតីនាយករដ្ឋមន្រ្តី បានស្នើដល់ក្រុមហ៊ុនបន្តពិភាក្សាជាមួយដៃគូសហការ ដែលមានស្រាប់ និងបន្តកិច្ចពិភាក្សាជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងព័ត៌មាននេះផងដែរ៕ អត្ថបទ ៖ បាន ចក់






