ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤, ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ចូ សូយ័រ (Jo Scheuer) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា។
ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអរគុណចំពោះវត្តមានរបស់លោក ចូ សូយ័រ អ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា និងសហការីនាថ្ងៃនេះ ដែលបានជួបពិភាក្សាការងារ និងពង្រឹងភាពជាដៃគូដែលមានស្រាប់ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការសហប្រជាជាតិ លើផ្នែកសំខាន់ៗនៃការអភិវឌ្ឍ និងការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា ប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុន វាពិតជាមានសារៈសំខាន់ ដែលមិនអាចខ្វះបាន ជាពិសេស ការពង្រឹងភាពជាដៃគូជាមួយ ភាគីអ្នកពាក់ព័ន្ធ ដើម្បីបង្កើនប្រសិទ្ធភាពខ្ពស់ ក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងប្រព័ន្ធប្រកាសព័ត៌មានឱ្យដឹងមុននៅកម្ពុជា ដែលជាចំណែកដ៏មានសារៈសំខាន់បំផុត ក្នុងការការពារអាយុជីវិតរបស់ប្រជាពលរដ្ឋឱ្យរួចចាកផុតពីគ្រោះមហន្តរាយ និងរួមចំណែកដល់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។
ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បានថ្លែងអំណរគុណចំពោះការគាំទ្រជាបន្តបន្ទាប់ដែលផ្តល់ដោយអង្គការសហប្រជាជាតិដល់វិស័យនៃការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយ ដល់ប្រជាពលរដ្ឋនៅមូលដ្ឋានដែលងាយរងគ្រោះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា អង្គការសហប្រជាជាតិ ក៏ដូចជាដៃគូអភិវឌ្ឍ ដែលមានវត្តមាននៅកម្ពុជាបានដើរតួយ៉ាងសំខាន់ ក្នុងការលើកកម្ពស់ការអភិវឌ្ឍន៍ប្រកបដោយចីភាព និងភាពធន់នៅកម្ពុជា។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា គ.ជ.គ.ម. បានធ្វើការយ៉ាងសកម្មក្នុងការធ្វើសមាហរណកម្ម ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ទៅក្នុងផែនការអភិវឌ្ឍន៍ និងស្របតាមផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ ជាពិសេស បាននឹងកំពុងរៀបចំផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ (NAP-DRR) ២០២៤-២០២៨ ដោយទទួលស្គាល់ពីសារៈសំខាន់នៃការការពារប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធរបស់យើងពីផលប៉ះ ពាល់ដោយគ្រោះមហន្តរាយ។
នាឱកាសនោះ លោក ចូ សូយ័រ (Jo Scheuer) ក៏បានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានមកបំពេញភារកិច្ច នៅកម្ពុជា និងបានសម្តែងនូវការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលផ្លែផ្កាជាច្រើន។ ជាក់ស្តែងក្នុងអាណិត្តបំពេញភារកិច្ចនៅកម្ពុជា លោកចូ សូយ័រ នឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាព របស់រាជរដ្ឋាភិបាលកម្ពុជា៕ ដោយ ៖ ឧត្ដម










