
រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Grant Shapps នៅថ្ងៃចន្ទ (ទី១៥ ខែមករា) បាននិយាយថា «យុគសម័យភាគលាភសន្តិភាពបានចប់ហើយ» ខណៈដែលរូបលោកបានថ្លែងសុន្ទរកថាដ៏សំខាន់ជាលើកដំបូងនៅក្នុងតួនាទីរដ្ឋមន្ត្រីថ្មីរបស់ខ្លួន។
អំឡុងសុន្ទរកថានៅឯ Lancaster House ក្នុងទីក្រុងឡុងដ្រ៍ លោក Shapps បាននិយាយថា៖ «ឥឡូវនេះ គឺជាពេលវេលាសម្រាប់ប្រទេសសម្ព័ន្ធមិត្ត និងលទ្ធិប្រជាធិបតេយ្យ នៅទូទាំងពិភពលោក ដែលត្រូវធានាថា ការចំណាយលើវិស័យការពារជាតិរបស់ពួកគេ កំពុងកើនឡើង»។
ជាមួយគ្នានេះ លោក Shapps ក៏បាននិយាយផងដែរថា ចក្រភពអង់គ្លេសនឹងបញ្ជូនបុគ្គលិកយោធាចំនួន ២០.០០០នាក់ ឲ្យទៅបម្រើការទូទាំងទ្វីបអឺរ៉ុបនៅក្នុងសមយុទ្ធដ៏ធំមួយរបស់អង្គការណាតូ (NATO) នាឆមាសទីមួយនៃឆ្នាំនេះ ដែលជាសមយុទ្ធដ៏ធំបំផុតមួយ ចាប់តាំងពីសង្គ្រាមត្រជាក់ត្រូវបានបញ្ចប់។
ការដាក់ពង្រាយនេះ រួមមានកងទ័ពអង់គ្លេសចំនួន ១៦.០០០នាក់ ដែលនឹងមានមូលដ្ឋាននៅអឺរ៉ុបខាងកើត ចាប់ពីខែកុម្ភៈ ដល់ខែមិថុនា ក្រុមវាយប្រហារនាវាផ្ទុកយន្តហោះ និងយន្តហោះវាយប្រហារ F35B Lightning ហើយនិងយន្តហោះស៊ើបការណ៍។ លំហាត់សមឈ្មោះ Exercise Steadfast Defender 24 (លំហាត់សមការពារដ៏រឹងមាំ ឆ្នាំ២០២៤) របស់អង្គការណាតូ ធ្វើឡើងដើម្បីអបអរខួបលើកទី៧៥ នៃសម្ព័ន្ធមិត្តលោកខាងលិចមួយនេះ៕