មន្ត្រីម្នាក់មកពីក្រុមហ៊ួទី បាននិយាយកាលពីថ្ងៃចន្ទ (១៥ មករា) ថា ចលនាសម្ព័ន្ធមិត្តអ៊ីរ៉ង់របស់យេម៉ែនមួយនេះ នឹងពង្រីកគោលដៅរបស់ខ្លួននៅក្នុងតំបន់សមុទ្រក្រហម ហើយរួមបញ្ចូលនាវារបស់អាមេរិក ខណៈដែលខ្លួនបានប្តេជ្ញាបន្តការវាយប្រហារបន្ទាប់ពីសហរដ្ឋអាមេរិក និងអង់គ្លេស វាយប្រហារលើទីតាំងរបស់ខ្លួនក្នុងប្រទេសយេម៉ែន។

ការវាយប្រហារដោយក្រុមហ៊ួទីទៅលើនាវាក្នុងតំបន់ចាប់តាំងពីខែវិច្ឆិកា បានប៉ះពាល់ដល់ក្រុមហ៊ុនជាច្រើន និងបានធ្វើឱ្យមហាអំណាចព្រួយបារម្ភនៅក្នុងការកើនឡើង នៃសង្គ្រាមរយៈពេលជាង ៣ខែរបស់អ៊ីស្រាអែល ជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស នៅក្នុងតំបន់ហ្កាហ្សា។ ក្រុមនេះនិយាយថា ខ្លួនកំពុងធ្វើសកម្មភាពក្នុងការរួបរួមជាមួយប៉ាឡេស្ទីន។
លោក ណាសរ៉ុលឌីន អាមឺ (Nasruldeen Amer) អ្នកនាំពាក្យរបស់ក្រុមហ៊ួទី បានប្រាប់សារព័ត៌មាន អាល់ចាហ្ស៊ីរ៉ា (Al Jazeera) ថានាវាអង់គ្លេស និងអាមេរិកបានក្លាយជា «គោលដៅស្របច្បាប់» ដោយសារតែការវាយប្រហារដែលធ្វើឡើងដោយប្រទេសទាំងពីរលើប្រទេសយេម៉ែនកាលពីសប្តាហ៍មុន។ ក្រុមហ៊ួទីនេះពីមុនបាននិយាយថា ពួកគេនឹងកំណត់គោលដៅតែលើនាវាអ៊ីស្រាអែល ឬនាវាដែលធ្វើដំណើរទៅកាន់អ៊ីស្រាអែលប៉ុណ្ណោះ។

នៅក្នុងការវាយប្រហារចុងក្រោយបំផុត ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក បាននិយាយថា កងកម្លាំងហ៊ួទី នៅក្នុងប្រទេសយេម៉ែន បានវាយប្រហារលើនាវា ហ្គីប្រាលតា អ៊ីហ្គល (Gibraltar Eagle) ដែលជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិក និងប្រតិបត្តិការដោយមីស៊ីលបាលិស្ទិកប្រឆាំងនាវាកាលពីថ្ងៃចន្ទ ប៉ុន្តែមិនមានរបាយការណ៍អំពីការរងរបួស ឬការខូចខាតគួរឱ្យកត់សម្គាល់ឡើយ៕
