នៅក្នុងកិច្ចជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅ ទីក្រុងប៉ារីស ប្រទេសបារាំង នាថ្ងៃទី១៥ ខែមករានេះ លោក Patrick POUYANNÉ ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន TotalEnergies បានបង្ហាញបំណងចង់វិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ខណៈ គម្រោងនេះនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែមទៀត។

លោកប្រធាន និងជានាយកប្រតិបត្តិ បានគោរពជម្រាបជូនសម្តេចធិបតីថា ក្រុមហ៊ុន TotalEnergies របស់លោក គឺជាក្រុមហ៊ុនមានកិត្តិនាមល្បីល្បាញ លើវិស័យប្រេង និងឧស្ម័ន នៅព្រះរាជាណាចក្រកម្ពុជា ហើយក្រៅពីវិស័យនេះ ក្រុមហ៊ុនក៏មានអាជីវកម្មលើវិស័យថាមពល អគ្គិសនីផងដែរ។ ក្នុងន័យនេះ លោកប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន ក៏បានបង្ហាញអំពីបំណងក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញ ដោយបច្ចុប្បន្នក្រុមហ៊ុន TotalEnergies កំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅប្រទេសសិង្ហបុរី ហើយជោគជ័យនៃគម្រោងនេះនឹងជំរុញដល់ការវិនិយោគលើថាមពលកកើតឡើងវិញនៅកម្ពុជា ដែលនឹងធ្វើឱ្យកម្ពុជាកាន់តែមានជម្រើសប្រភពថាមពលបន្ថែមទៀតផងដែរ។

នៅក្នុងកិច្ចជំនួបនោះដែរ លោក Patrick POUYANNÉ ក៏បានថ្លែងអំណរគុណដល់សម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសមព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពនៃការរីកចម្រើននូវសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន TotalEnergies និងអំពីគម្រោងនៃការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជានោះ។

ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះលោក Patrick POUYANNÉ និង សហការី និងបានបង្ហាញក្តីរីករាយ និងគាំទ្រចំពោះគម្រោងរបស់ក្រុមហ៊ុនក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យថាមពលកកើតឡើងវិញ ព្រោះថាកម្ពុជាមានគោលនយោបាយច្បាស់លាស់ក្នុងការជំរុញការបង្កើតប្រភពថាមពលកកើតឡើងវិញនេះ។ សម្តេចក៏បានបង្ហាញការគាំទ្រ និងផ្ដល់កិច្ចសហប្រតិបតិ្តការលើការវិនិយោគនៃការតភ្ជាប់បណ្តាញចរន្តអគ្គិសនី ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរីផងដែរ។ មួយវិញទៀតសម្ដេចធិបតីក៏បានលើកទឹ៝ចិត្ត និងជំរុញឱ្យក្រុមហ៊ុន បន្ដកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងរ៉ែ និងថាមពលផងដែរ៕ អត្ថបទ៖បាន ចក់

