ទីភ្នាក់ងារពន្ធនាគារ SNAI បាននិយាយកាលពីថ្ងៃចន្ទ (១៥ មករា) ថាអ្នកទោសចំនួន ៤៣នាក់ នៅតែមិនទាន់ចាប់ខ្លួនបានវិញ បន្ទាប់ពីបានរត់គេចពីពន្ធនាគារនៅភាគខាងជើងប្រទេសអេក្វាឌ័រ ខណៈដែលកងកម្លាំងសន្តិសុខបន្តប្រតិបត្តិការនៅទូទាំងប្រទេស។ លោកប្រធានាធិបតី ដានីញ៉ែល ណូបូអា (Daniel Noboa) បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេល ៦០ថ្ងៃ កាលពីសប្តាហ៍មុន រួមទាំងបម្រាមគោចរពេលយប់ និងបានកំណត់ឧក្រិដ្ឋជនចំនួន ២២ក្រុម ជាក្រុមភេរវករ។

ការផ្ទុះអំពើហឹង្សានាពេលថ្មីៗនេះ រួមទាំងការវាយប្រហារដោយខ្មាន់កាំភ្លើងក្នុងស្ថានីយ៍ទូរទស្សន៍អំឡុងការផ្សាយព័ត៌មាន ការបំផ្ទុះនៅក្នុងទីក្រុងជាច្រើន និងការចាប់ខ្លួនមន្ត្រីនគរបាល ហាក់ដូចជាការឆ្លើយតបទៅនឹងផែនការរបស់លោកប្រធានាធិបតី ណូបូអា ដែលលោកសន្យាថានឹងដោះស្រាយវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងររបស់ប្រទេសអេក្វាឌ័រ។
នគរបាល និងបុគ្គលិកយោធាជាច្រើនមានវត្តមាននៅក្នុងពន្ធនាគារនៅទូទាំងប្រទេសអេក្វាឌ័រ បន្ទាប់ពីឆ្មាំ និងមន្ត្រីរដ្ឋបាលប្រមាណ ២០០នាក់ ដែលត្រូវបានចាប់ខ្លួន ត្រូវបានដោះលែងពីពន្ធនាគារយ៉ាងហោចណាស់ចំនួនប្រាំពីរទីតាំងកាលពីចុងសប្តាហ៍។

ទីភ្នាក់ងារពន្ធនាគារ SNAI បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា អ្នកទោសទាំងនោះបានរត់គេចពីពន្ធនាគារមួយក្នុងទីក្រុង អេសមឺរ៉ាល់ដាស (Esmeraldas) ដែលជាទីក្រុងជិតព្រំដែនជាមួយប្រទេសកូឡុំប៊ី បន្ទាប់ពីសមាជិកនៃកងកម្លាំងសន្តិសុខអេក្វាឌ័រប្រហែល ២០០០នាក់ បានធ្វើប្រតិបត្តិការស្វែងរកនៅក្នុងពន្ធនាគារនោះកាលពីថ្ងៃអាទិត្យ៕
