កំពង់ឆ្នាំង៖ ក្រោយពេលក្រុមការងារទាំងថ្នាក់ជាតិ និងក្រោមជាតិកំពុងមមាញឹកជួយទាញយកប្រភពទឹកមកស្រោចស្រពស្រូវប្រាំងប្រជាកសិករនៅក្នុងឃុំគោកបន្ទាយ ឃុំជ្រៃបាក់ ក្នុងស្រុករលាប្អៀរ និងឃុំមេលំ ក្នុងស្រុកបរិបូណ៌ ស្រាប់តែនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ ប្រជាកសិករនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសំណូមពរសុំដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង មន្ទីរធនធានទឹក និងមន្ទីរកសិកម្ម មេត្តាជួយពួកគាត់ផង ដោយសារស្រូវប្រាំងជាង៩០០ហិកតានៅក្នុងឃុំខុនរ៉ង កំពុងជួបប្រទះនឹងការខ្វះទឹកស្រោចស្រព ហើយស្រូវប្រាំងប្រមាណ៥០ហិកតាកំពុងស្វិតងាប់ហើយ។
ប្រជាកសិករបានអោយដឹងទៀតថា៖ កន្លងមក ជារៀងរាល់ឆ្នាំមិនដែលខ្វះទឹកនោះទេ ដោយសារពួកគាត់បានប្រើប្រាស់ទឹកពីប្រព័ន្ធធារាសាស្ត្រអាចាំង និងប្រើបានរហូតដល់ច្រូតកាត់រួច។ ក៏ប៉ុន្តែឆ្នាំនេះ ដោយសារស្រូវមានតម្លៃថ្លៃ នាំអោយប្រជាកសិករក្នុងឃុំនៅក្បែរអាងទឹកអាចាំង បានធ្វើស្រែប្រាំងបន្ថែមទៀត បើទោះជាពួកគេបានអាស្រ័យផលស្រូវវស្សាបាន២ដងក្នុងឆ្នាំយ៉ាងណាក្តី។ ហេតុនេះ ពួកគេបានទាំញយកទឹកនៅខាងលើពីអាងទឹកអាចាំងទៅស្រោចស្រពស្រូវ នាំអោយបរិមាណទឹកក្នុងអាងអាចាំង មិនអាចទប់ទល់បានរហូតដល់រីងស្ងួតតែម្តង។ ប្រជាកសិករទាំងអស់ដែលបានអាស្រ័យផលនៅខាងក្រោម ដូចជាឃុំមេលំ ឃុំខុនរ៉ង និងឃុំផ្សារ ដែលធ្លាប់តែធ្វើស្រែប្រាំងនោះ បានរងផលប៉ះពាល់ខ្លាំង ហើយស្រូវប្រមាណ៥០ហិកតាបានស្វិតងាប់ និងជាង៩០០ហិកតាទៀតកំពុងប្រឈមនឹងការខ្វះទឹកស្រោចស្រពទៀតផង។
លោក ដោក ប៊ុនថុន បានថ្លែងអោយដឹងថា៖ រាល់ថ្ងៃ ក្រុមការងាររបស់ក្រសួង និងមន្ទីរធនធានទឹក បាន និងកំពុងជួយជីកប្រឡាយ និងបូមទឹកបង្ហើយដាក់ស្រែប្រាំងប្រជាកសិករក្នុងឃុំគោកបន្ទាយ និងឃុំជ្រៃបាក់សិន ព្រោះស្រូវប្រាំងក្នុងឃុំទាំង២នេះ ប្រឈមខ្លាំងជាង ។ រយៈពេល២ទៅ៣ថ្ងៃទៀត លោកនឹងដកយកគ្រឿងចក្រ និងម៉ាស៊ីនបូមទឹក យកទៅជួយប្រជាកសិករនៅក្នុងឃុំខុនរ៉ង ស្រុកបរិបូណ៌ទៀត ។ ជាង២០ថ្ងៃមកហើយដែលក្រុមការងារនៃក្រសួង និងមន្ទីរធនធានទឹកបានចុះជួយប្រជាកសិករដែលកំពុងជួបប្រទះនឹងការខ្វះទឹកស្រោចស្រពស្រូវប្រាំង ហើយលោកក៏បានសំណូមពរដល់ប្រជាកសិករ ត្រូវខិតខំសន្សំទឹកតិចតួចក៏ដោយដែលនៅក្បែរនោះ យកមកជួយសិន ដើម្បីកុំអោយស្រូវងាប់ ព្រោះទាំងឯកឧត្តមអភិបាលខេត្ត និងមន្ទីរធនធានទឹកកំពុងរកវិធីសាស្ត្រជួយបងប្អូនហើយ៕ ដោយ÷ កាំង ហុងវាស្នា









