លោកស្រី Makreeta LAHTI នាយិកាយុទ្ធសាស្ត្រកិច្ចការបរទេស នៃក្រុមហ៊ុនអគ្គិសនីបារាំង (Électricité de France, EDF) បានបង្ហាញបំណងវិនិយោគលើវិស័យថាមពលកកើតឡើងវិញនៅកម្ពុជា ខណៈសព្វ ថ្ងៃក្រុមហ៊ុនរបស់លោកស្រីបាននិងកំពុងវិនិយោគលើវិស័យវារីអគ្គិសនីនេះ នៅប្រទេសឡាវ។

នៅក្នុងកិច្ចជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅទីក្រុងប៉ារីសប្រ ទេសបារាំងនាថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ លោកស្រី Makreeta LAHTI បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រី ចូលជួបសម្តែងការគួរសម ព្រមទាំងបានជម្រាបអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន EDF។

លោកស្រីបានគោរពជម្រាបជូនសម្ដេចធិបតី បន្ថែមទៀតថា ក្រុមហ៊ុនរបស់លោកស្រីបាននិងកំពុងវិនិយោគលើវិស័យវារីអគ្គិសនី នៅប្រទេសឡាវ និងកំពុងស្វែងរកឱកាសវិនិយោគលើវិស័យថាមពលនេះនៅកម្ពុជា។ ជាមួយគ្នានេះលោកស្រីបានវាយតម្លៃខ្ពស់ ចំពោះគោលនយោបាយអព្យាក្រឹត្យកាបូន នៅឆ្នាំ២០៥០ និងការយកចិត្តទុកដាក់ក្នុងការជំរុញការផ្គត់ផ្គង់ និងការផលិតនូវថាមពលកកើតឡើងវិញ របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។

នៅក្នុងកិច្ចជំនួបនោះដែរ សម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានប្រកាសស្វាគមន៍ចំពោះលោកស្រី Makreeta LAHTI និងបានបង្ហាញក្តីរីករាយចំពោះចំណាប់រម្មណ៍របស់ក្រុមហ៊ុន ក្នុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ផ្នែកថាមពលកកើតឡើងវិញ និងស្នើឱ្យក្រុមហ៊ុនបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងរ៉ែ និងថាមពល ក៏ដូចជាអគ្គីសនីកម្ពុជា និងភាគីពាក់ព័ន្ធនានា ដើម្បីស្វែងរកឱកាសវិនិយោគលើវិស័យថាមពលកកើតឡើងវិញនេះ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់បន្ថែមទៅកាន់លោកស្រី Makreeta LAHTI អំពីច្បាប់វិនិយោគរបស់កម្ពុជា ក្នុងការផ្ដល់ការអនុគ្រោះ និងលើកទឹកចិត្តដល់សកម្មភាពវិនិយោគក្នុងវិស័យនេះ ហើយសន្តិសុខថាមពលក៏ជាអាទិភាពមួយ ដែលជានិន្នាការរបស់ពិភពលោក ឆ្ពោះទៅកាន់អព្យាក្រឹត្យកាបូននៅថ្ងៃអនាគតផងដែរ៕ អត្ថបទ៖ បាន ចក់
