ប្រធានទីភ្នាក់ងារធំៗបីរបស់អង្គការសហប្រជាជាតិបានព្រមានកាលពីថ្ងៃចន្ទថា តំបន់ហ្កាហ្សាត្រូវការជំនួយជាបន្ទាន់ ឬប្រជាជនដែលអស់សង្ឃឹមនឹងទទួលរងនូវគ្រោះទុរ្ភិក្ស និងជំងឺរីករាលដាលជាខ្លាំង ខណៈក្រុមអាជ្ញាធរនៅក្នុងតំបន់បានរាយការណ៍ថាចំនួនអ្នកស្លាប់នៅក្នុងសង្គ្រាមអ៊ីស្រាអែល- និងក្រុមហាម៉ាស បានកើនឡើងជាង២៤.០០០នាក់ ។

ខណៈប្រធានទីភ្នាក់ងារអង្គការសហប្រជាជាតិមិនបានចង្អុលដោយផ្ទាល់ទៅកាន់ប្រទេសអ៊ីស្រាអែល ពួកគេបាននិយាយថា ការផ្តល់ជំនួយត្រូវបានរំខានព្រោះតែការបើកច្រកព្រំដែនតិចតួចពេក ដំណើរការត្រួតពិនិត្យយឺតយ៉ាវ សម្រាប់រថយន្តដឹកទំនិញ និងទំនិញដែលចូលទៅកាន់តំបន់ហ្កាហ្សា និងការបន្តការប្រយុទ្ធគ្នាទូទាំងដែនមួយនេះនៅតែបន្ត។

បើតាមអង្គការសហប្រជាជាតិ សង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្កាហ្សាដែលបង្កឡើងដោយការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា របស់ក្រុមសកម្មប្រយុទ្ធទៅលើភាគខាងត្បូងអ៊ីស្រាអែល បានជំរុញឱ្យមានការបំផ្លិចបំផ្លាញមិនធ្លាប់មាននៅក្នុងតំបន់ឆ្នេរដ៏តូចរងការឡោមព័ទ្ធមួយនេះ និងបង្កឱ្យមានមហន្តរាយមនុស្សធម៌ ឈានដល់ការរត់ភៀសខ្លួន ចេញពីទីលំនៅភាគច្រើននៃប្រជាជន២,៣ លាននាក់នៅតំបន់ហ្កាហ្សា និងបានរុញឲ្យមានមនុស្សច្រើនជាងមួយភាគបួនធ្លាក់ចូលក្នុងភាពអត់ឃ្លាន ។
កម្មវិធីស្បៀងអាហារពិភពលោក អង្គការយូនីសេហ្វ និងអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃចន្ទថា ផ្លូវចូលថ្មីៗ ចាំបាច់ត្រូវបើកទៅកាន់តំបន់ហ្កាហ្សា ត្រូវអនុញ្ញាតឲ្យរថយន្តដឹកជំនួយកាន់តែច្រើនថែមទៀតចូលទៅក្នុងមួយថ្ងៃៗ ហើយបុគ្គលិកជំនួយ និងអ្នកដែលស្វែងរកជំនួយចាំបាច់ត្រូវអនុញ្ញាតឱ្យផ្លាស់ទីដោយសុវត្ថិភាព៕
