ឯកឧត្តមសន្ដិបណ្ឌិត នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីកម្ពុជា និងលោក អាណាតូលី បូរ៉ូវីក ឯកអគ្គរដ្ឋទូត នៃសហព័ន្ធរុស្ស៉ី ប្រចាំកម្ពុជា បានបង្ហាញការប្ដេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្ដូរព័ត៌មានផ្នែកសន្ដិសុខទៅវិញទៅមក ដើម្បីរក្សាបាននូវភាពសុខសាន្ដរបស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ខណៈការប្តេជ្ញារបស់ភាគីទាំងពីរនេះ គឺបានធ្វើឡើងនៅរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ នៅទីស្ដីការគណៈរដ្ឋមន្ដ្រី។
នៅក្នុងកិច្ចជំនួបនោះលោក Anatoly Borovik បានកោតសរសើរ ចំពោះសមិទ្ធផលរយៈពេលជាង៤ខែក្នុងការដឹកនាំរបស់រាជរដ្ឋាភិបាលថ្មី អាណត្តិទី៧ នីតិកាលរដ្ឋសភា ដែលសម្រេចបានលទ្ធផលយ៉ាងល្អប្រសើរ សំដៅបម្រើឲ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ហើយក្នុងនាមរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៉ី លោកបានអះអាងថា រុស្ស៉ីតែងតែចាត់ទុកកម្ពុជា ជាដៃគូមួយក្នុងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យ ជាពិសេសលើការងារជំនាញសន្ដិសុខ ប្រឆាំងអំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងគ្រប់ប្រភេទជាដើម។
លោកឯកអគ្គរដ្ឋទូត បានសង្កត់ធ្ងន់ថា«រដ្ឋាភិបាលរុស្ស៉ី នៅតែបន្តរក្សាជំហរក្នុងការជួយបណ្ដុះបណ្ដាលដល់មន្ដ្រីកម្ពុជា លើជំនាញសន្ដិសុខ ប្រឆាំងឧក្រិដ្ឋកម្ម ប្រឆាំងភេរវកម្ម ប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបន្ដផ្លាស់ប្ដូរព័ត៌មានចារកម្មនានាដើម្បីបម្រើដល់សន្ដិសុខជាតិដដែលផងដែរ»។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ ឯកឧត្តម នេត សាវឿន នាយករដ្ឋមន្ដ្រីស្ដីទីកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចគាំទ្រដែលរុស្ស៉ីបានជួយដល់កម្ពុជានាពេលកន្លងមក ហើយបើគិតចាប់ពីពេលកម្ពុជា ឆ្លងផុតរបបប្រល័យពូជសាសន៍ ប៉ុល ពត រហូតមកដល់ពេលបច្ចុប្បន្ននេះ គឺរុស្ស៉ីបានជួយដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាយ៉ាងច្រើនលើគ្រប់វិស័យទាំងអស់ ទាំងស្មារតី សម្ភារៈ និងការបណ្ដុះបណ្ដាលជាដើម។
ឯកឧត្តមនាយករដ្ឋមន្រ្តីស្តីទី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការសហការផ្លាស់ប្ដូរព័ត៌មាននានា ដើម្បីទប់ស្កាត់នូវរាល់បទឧក្រិដ្ឋឆ្លងដែន ក៏ដូចជាបទឧក្រិដ្ឋនានាផងដែរ ដើម្បីធានាដល់សន្ដិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋទំាងពីរនោះ។
នៅក្នុងកិច្ចពិភាក្សានោះដែរ ឯកឧត្តម នេត សាវឿន និងឯកអគ្គរដ្ឋទូតរុស្សី ក៏បានឯកភាពគ្នាបន្ដសហការលើការងារបណ្ដុះបណ្ដាល សម្ភារបច្ចេកទេស ដល់មន្ដ្រីនគរបាលកម្ពុជា និងជំរុញឲ្យមានអនុស្សារណៈ នៃការយោគល់គ្នារវាងប្រទេសពីរផងដែរ ដើម្បីផ្លាស់ប្ដូរព័ត៌មានសន្ដិសុខនានា ខណៈរុស្ស៉ី ប្រកាសជំហរថា នឹងជួយកម្ពុជាក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាល លើជំនាញប្រឆាំងគ្រឿងញៀន និងជំនាញសំខាន់ៗផ្សេងៗទៀតដែលធ្លាប់មាននាពេលកន្លងមក៕ អត្ថបទ៖ បាន ចក់