ភ្នំពេញ៖ កន្លងមករហូតដល់ពេលនេះ សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហាការខូចខាតផ្លូវ ការកក់ស្ទះចរាចរណ៍ និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង ១៤ខណ្ឌ ដើម្បីកាត់បន្ថយការកក់ស្ទះចរាចរណ៍។
ជាក់ស្ដែងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវលេខ៥៩៨ ចាប់ពីចំណុចរង្វង់មូលកាំកូស៉ីតធី រហូតដល់ចំណុចមុខស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ មានប្រវែងជាង ៥០០០ម៉ែត្រ ស្ថិតនៅមូលដ្ឋានខណ្ឌឬស្សីកែវ ដែលកន្លងមកតាមបណ្ដោយផ្លូវលេខ៥៩៨ មួយកំណាត់នេះ គំនូសចរាចរបានរ របាំងពុះចែកទ្រូងផ្លូវ ថ្នាំពណ៌ចំណាំងផ្លាតរលប់បាត់មើលមិនច្បាស់ បង្កអោយបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរឆ្លងកាត់បណ្ដោយផ្លូវពិបាកធ្វើដំណើរ អាចបង្កគ្រោះថ្នាក់ចរាចរណ៍ដោយកត្ដាផ្លូវថ្នល់មួយចំនួនផងដែរ។
ដូចនេះ មន្ទីរសាធារណការរាជធានីភ្នំពេញ បានបន្តជួសជុល និងលាបពណ៌គំនូសចរាចរណ៍បង្ហើយការងារ ដើម្បីដាក់ជូនបងប្អូនប្រជាពលរដ្ឋធ្វើដំណើរងាយស្រួល មិនបង្កការកកស្ទះ និងបង្កគ្រោះថ្នាក់ចរាចរណ៍នាពេលយប់ញឹកញាប់ដូចពេលកន្លងមក៕ អត្ថបទ ៖ កុម្ភៈ



