ប្រទេសស្វីស កាលពីថ្ងៃចន្ទ (១៥ មករា) បានយល់ព្រមធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលសន្តិភាពពិភពលោកស្តីពីអ៊ុយក្រែន តាមសំណើរបស់ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy)។

ស្វីស ដែលជាប្រទេអព្យាក្រឹត កាលពីមុនបានដើរតួជាអ្នកសម្របសម្រួលដើម្បីដោះស្រាយជម្លោះជាច្រើន ហើយឥឡូវនេះអាចជួយស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមដែលបានចាប់ផ្តើមនៅពេលដែលរុស្ស៊ី បានបញ្ជូនកងទ័ពចូលទៅក្នុងអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ថ្លែងជាមួយសមភាគីស្វីស លោក វីអូឡា អាមហឺត (Viola Amherd) ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងប៊ឺន (Bern) លោកប្រធានាធិបតី ហ៊្សេឡិនស្គី មិនបានផ្តល់បញ្ជីទូលំទូលាយនៃអ្នកចូលរួមនៃកិច្ចប្រជុំកំពូលសន្តិភាពដែលបានគ្រោងទុកនោះទេ ប៉ុន្តែបានចង្អុលបង្ហាញអំពីអ្នកដែលលោកចង់ឲ្យចូលរួមដូចជាបណ្ដាប្រទេសសកលខាងត្បូង និងចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់មួយរបស់រុស្ស៊ី។

លោក ហ៊្សេឡិនស្គី បានប្រកាសជាលើកដំបូងនូវរូបមន្តសន្តិភាពរបស់ខ្លួននៅឯកិច្ចប្រជុំកំពូលខែវិច្ឆិកា នៃក្រុមសេដ្ឋកិច្ចសំខាន់ៗចំនួន ២០ប្រទេស។ រូបមន្តសន្តិភាពរបស់លោកគឺអំពាវនាវឱ្យមានការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ី និងការបញ្ឈប់អរិភាព ក៏ដូចជាការដោះលែងអ្នកទោស និងអ្នកជាប់ឃុំទាំងអស់ ក្នុងចំណោមរឿងផ្សេងៗទៀត។
វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទ បានច្រានចោលការពិភាក្សានៅទីក្រុងដេវ៉ូស (Davos) ស្តីពីសំណើសន្តិភាពរបស់អ៊ុយក្រែន ដោយនិយាយថា មិនមានអ្វីនឹងអាចសម្រេចបានទេព្រោះរុស្ស៊ីមិនមែនជាផ្នែកនៃកិច្ចពិភាក្សា៕