ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅហ្កាហ្សាបាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែលដែលនៅតែបន្តលើតំបន់ហ្កាហ្សាបានកើនឡើងជាង ២៤.០០០ នាក់។

ក្រសួងនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន១៣២នាក់ និង២៥២នាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់នេះអំឡុងការវាយប្រហាររយៈពេល២៤ ម៉ោងកន្លងមកនេះ។

ការស្លាប់ចុងក្រោយនេះបាននាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ២៤.១០០នាក់ និងរបួសឡើងដល់ ៦០.៨៣៤នាក់ នៅក្នុងតំបន់រងការឡោមព័ទ្ធប៉ាឡេស្ទីន ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាស បានផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

យោងតាមទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន WAFA មនុស្សយ៉ាងហោចណាស់ ៣៣ នាក់បានស្លាប់ដោយសារការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងររបស់កងទ័ពអ៊ីស្រាអែលទៅលើទីតាំងជាច្រើនក្នុងទីក្រុង ហ្កាហ្សា ចាប់តាំងពីព្រឹកថ្ងៃចន្ទមក ។
កងកម្លាំងការពារជនស៊ីវិលប៉ាឡេស្ទីនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលបានធ្វើឱ្យជាង ៧០ ភាគរយនៃភាគខាងជើងហ្កាហ្សាស្ទ្រីបមិនអាចរស់នៅបាន៕