សហភាពអឺរ៉ុបគ្រោងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៦លានអឺរ៉ូ ដល់កម្ពុជា សម្រាប់វិស័យកសិកម្ម, អាហារ, ការអនុវត្ត ថាមពលប្រកបដោយចីរភាព ក្នុងឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ, ការបណ្តុះបណ្តាលអប់រំ បច្ចេកទេស, និងកម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន ។

ឯកឧត្តម ឌ្រីសម៉ាន់ អីហ្គោរ៍ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា EU នៅក្នុងជំនួបសម្តែងការគួរ សម និងពិភាក្សាការងារជាមួយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៅថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៣ នេះថា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់គោលនយោបាយសំខាន់ៗ ដែលសម្រេចបាននូវការរក្សាស្ថិរភាពសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកប ដោយផ្លែផ្កា បើទោះជាស្ថិតក្នុងគ្រាដ៏លំបាក នៃផលប៉ះពាល់ពីវិបត្តិជំងឺកូដ-១៩, ជម្លោះភូមិសាស្ត្រនយោបាយ និងការបន្តធ្លាក់ចុះ នៃសេដ្ឋកិច្ចសកល ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក៏ដោយ ។

ឯកឧត្តម លើកឡើងបន្ថែមថា ជុំវិញបរិបថនេះ ជំហរគាំទ្ររបស់ EU ជាពិសេសតាមរយៈយុទ្ធសាស្ត្រ Global Gateway ដែលជាយុទ្ធសាស្ត្រថ្មីរបស់ EU មានគោលបំណងកៀរគរការវិនិយោគបន្ថែម សម្រាប់ប្រទេសជាដៃគូ ដើម្បីបង្កើនវិសាលភាព, ប្រសិទ្ធភាព និងប្រសិទ្ធផល នៃកិច្ចអន្តរាគមន៍របស់ខ្លួន ។ នៅក្នុងយុទ្ធសាស្ត្រនេះផងដែរ ប្រទេសនៅក្នុងតំបន់អឺរ៉ុប និងប្រទេសជាសមាជិក EU ហៅថា “Team Europe” បានបង្កើតជាគំនិតផ្តួចផ្តើម (Team Europe Initiatives - TEIs) ចំនួនពីរ ដើម្បីគាំទ្រ ដល់ការធ្វើសមាហរណកម្មរបស់កម្ពុជាក្នុងអាស៊ាន តាមរយៈការលើកកម្ពស់ការអភិវឌ្ឍបៃតង និងការងារសមរម្យ ក្នុងនោះមាន៖ ការផ្តោតលើចីរភាពខ្សែច្រវាក់តម្លៃកសិកម្ម, និងផ្តោតលើថាមពលបៃតង និងខ្សែច្រវាក់តម្លៃឧស្សាហកម្ម។

ជាក់ស្ដែង នៅក្រោមក្របខណ្ឌ Global Gateway នេះផងដែរ, EU និងផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨៦ លានអឺរ៉ូ ជូនកម្ពុជា សម្រាប់កម្មវិធីថ្មីចំនួន៤រួមមាន៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជា សម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយ ចីរភាព, កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាព ក្នុងឧស្សាហកម្មវិស័យកាត់ដេរសម្លៀក បំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ, កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេក ទេស ២០២៤-២០២៧, និងកម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន ។

ជាការឆ្លើយតប, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងកោតសរសើរចំពោះ EU សម្រាប់ការចូលរួម យ៉ាងសកម្ម ក្នុងការជំរុញវឌ្ឍនភាព នៃវិស័យគាំពារសង្គមនៅកម្ពុជា ឆ្ពោះទៅរកនិរន្តរភាព និងភាពធន់ ដែលអាចឆ្លើយតបនឹងបញ្ហា ប្រឈមនានា, ជាពិសេសសហភាពអឺរ៉ុបជួយជាជំហរគាំទ្រកម្ពុជា ក្រោមក្របខណ្ឌ Global Gateway ដែលជាការចូលរួមគាំទ្រដល់ របៀបវារៈគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល និងសង្ឃឹមយ៉ាងមុតមាំថា នឹងអាចសម្រេចបានជោគជ័យតាមផែនការ ដែលបានគ្រោងទុក៕ អត្ថបទ៖ សុន រ៉ាឌី

