ឥណ្ឌូនេស៊ី៖ មេបព្វជិតដ៏មានឥទ្ធិពលម្នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី ត្រូវបានតុលាការកាត់ទោសអោយជាប់ពន្ធនាគារ ០៤ឆ្នាំបន្ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ ពីបទបិទបាំងព័ត៌មានអំពីលទ្ធផលធ្វើតេស្ដរកមេរោគកូរ៉ូណា។
ចៅក្រមព្រហ្មទណ្ឌ ០៣នាក់ នៅឯតុលាការសង្កាត់ហ្សាការតាខាងកើត ដែលស្ថិតក្រោមការពារពីនគរបាល និងយោធាដ៏ច្រើននោះ បានសម្រេចក្ដីថា ជនឈ្មោះរីហ្ស៊ីក ស៊ីហាប បានភូតកុហក់ពីលទ្ធផល នៃការធ្វើតេស្ដរកជំងឺកូវីត-១៩ របស់លោកដែលជាហេតុធ្វើអោយការស៊ើបអង្កេតកាន់តែមានការពិបាកថែមទៀត។
ក្រុមអាជ្ញាធរ បានបិទផ្លូវជាច្រើនដែលស្ថិតនៅជុំវិញតុលាការ ខណៈដែលអ្នកគាំទ្រលោកស៊ីហាបរាប់ពាន់នាក់ បានព្យាយាមជួបប្រជុំគ្នា ដើម្បីទាមទារអោយដោះលែងលោកមកវិញ។
នគរបាលបានបាញ់ឧស្ម័នចេញទឹកភ្នែក និងកាណុងបាញ់ទឹក ដើម្បីបំបែកហ្វូងមនុស្ស ហើយមនុស្សរាប់រយនាក់ ដែលបដិសេធន៍មិនចាកចេញពីកន្លែងប្រមូលផ្ដុំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
លោក ស៊ីហាប បានប្រឈមមុខ និងការកាត់ទោសបទឧក្រិដ្ឋជាបន្ដបន្ទាប់តាំងពីលោកបានវិលត្រឡប់ពីការនិរទេសខ្លួនរយៈពេល ០៣ឆ្នាំ ក្នុងប្រទេសអារ៉ាប៊ីសាអេឌីត កាលពីពីខែវិច្ឆិកាឆ្នាំកន្លងមក៕ អត្ថបទ៖ មករា