មនី្ទរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល ចូលរួមបណ្តុះបណ្តាលជំនាញមរតកដូនតា ក្នុងវិស័យវប្បធម៌ដល់យុវជនជំនាន់ក្រោយ ស្របតាមគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល អាណតិ្តទី៧។

លោកស្រី មួង សារឹម ប្រធានមនី្ទរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកណ្តាល ថ្លែងប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះថា ក្នុងផែនការប្រចាំឆ្នាំ មន្ទីរវប្បធម៌ បានធ្វើការបណ្តុះបណ្តាលតាមជំនាញ និងវគ្គនីមួយៗ។ ដោយឡែកកម្មវិធីបណ្តុះបណ្តាលជំនាញមករតកដូនតា មន្ត្រីជំនាញនឹងចាប់ផ្តើមអនុវត្តឆ្នាំ២០២៤ ហើយក៏បានរៀបចំផែនការរួចរាល់ហើយ ក្នុងនោះលោកគ្រូ អ្នកគ្រ បង្គោលកំពុងបង្ហាត់ ចំណេះ ជំនាញ ដូនតានៅតាមសហគមន៍មូលដ្ឋានខេត្តកណ្តាល ជូនដល់យុវជនជំនាន់ក្រោយ។

លោក វង្ស រ៉ាវ៉េត អនុប្រធានការិយាល័យទទួលបន្ទុករបាយការណ៍ស្រាវជ្រាវ និងចងក្រងឯកសារ បានលើកឡើងថា ផែនការឆ្នាំ២០២៤ សម្រាប់ការិយាល័យសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកណ្តាល មានសកម្មភាពសំខាន់ ៥ចំណុច ស្រង់ស្ថិតិធ្វើបច្ចុប្បន្នជាមួយមន្ត្រីថ្នាក់ស្រុក និងបង្កើតមាតិកា សម្រាប់ផ្សព្វផ្សាយវិស័យវប្បធម៌ របស់មនី្ទរវប្បធម៌ បណ្តុះបណ្តាលសិល្បៈសូនរូប ក្នុងទម្រង់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល បន្តចងក្រងឯកសារចម្លាក់ប្រាក់ស្ពាន់ និងត្រៀមចូលរួមព្រឹតិ្តការណ៍មហោស្រពថ្នាក់ជាតិនាពេលខាងមុខ។ ផ្អែកលើចំណេះជំនាញដូនតានេះ គឺយើងព្យាយាមអភិរក្សស្នាដៃដូនតា និងចង់ឲ្យកូនខ្មែរ បានស្គាល់ បើនិយាយមែនទែនទៅ ដូចជាតម្បាញសូត្រ ដោយហេតុថារបរនេះបន្តនៅសេសសល់តែបងប្អូនប្រជាពលរដ្ឋមានវ័យចំណាស់ ចាស់ៗ។ ដោយឡែកយុវជន វ័យក្មេង លែងធ្វើតម្បាញហើយ ដោយសារពិបាកធ្វើ។ ប៉ុន្តែបច្ចុប្បន្ននេះ ក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានទម្លាក់កិច្ចការងារនេះ ដើម្បីឲ្យមន្ត្រីចូលរួមជួយ។ ដូច្នេះមិនមែនមានតែតម្បាញសូត្រនោះទេ គឺចំនេះជំនាញដូនតា មានច្រើនណាស់ ដូចជាចម្លាក់ប្រាក់ ស្ពាន់ ស្មិត ទម្រង់ចម្រៀងបុរាណ ល្ខោនបាសាក់។ ដោយឡែកការិយាល័យ គឺផ្តោតតែលើសិល្បៈសូនរូប និងសិល្បៈសិប្បកម្ម។

បើតាមលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា តាំងពីយូរលង់ណាស់មកហើយ ក្រៅពីប្រាសាទបុរាណ ដូនតាខ្មែរ បានបន្សល់ទុកនូវមរតកជាច្រើន សម្រាប់កូនចៅជំនាន់ក្រោយ។ ដូច្នេះការបណ្តុះបណ្តាលជំនាញមរតកពីដូនតានេះ ពិតជាសំខាន់ខ្លាំងណាស់។ នៅក្នុងឆ្នាំ២០២៤ រាជរដ្ឋាភិបាលកម្ពុជាអាណតិ្តទី៧ ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តោតលើក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្នុងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមរតកដូនតា បានដាក់ចេញនូវគោលនយោបាយបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈចំនួន ១លាន៥សែននាក់ ក្នុងនោះពី ២ទៅ៤% ជាការបណ្តុះបណ្តាលជំនាញមរតកពីដូនតា ដូចជា៖ តម្បាញ ស្មូន ចម្លាក់ជាដើម។ ជំនាញដូនតាទាំងអស់នេះ បើមិនមានការបណ្តុះបណ្តាលទេ វានឹងបាត់ពីមួយជំនាន់ទៅមួយជំនាន់៕ អត្ថបទ៖ រដ្ឋា












