វេទិកាសេដ្ឋកិច្ចពិភពលោក បានចាប់ផ្ដើមនៅទីក្រុង Davos ប្រទេសស្វីស ជាមួយនឹងកិច្ចប្រជុំដែលបានគ្រោងទុកអំពីជម្លោះនៅប្រទេសអ៊ុយក្រែន និងនៅមជ្ឈិមបូព៌ា ក្នុងចំណោមបញ្ហាសំខាន់ៗផ្សេងទៀត។

មេដឹកនាំរដ្ឋាភិបាល ធុរកិច្ច និងស៊ីវិល ស្ថិតក្នុងចំណោមមនុស្សជាង ២.៨០០នាក់ មកពីប្រទេស និងតំបន់ចំនួន ១២០ ដែលកំពុងមកចូលរួមនៅឆ្នាំនេះ។ ក្រុមមេដឹកនាំ កំពុងប្រជុំគ្នាក្រោមប្រធានបទ «ការកសាងទំនុកចិត្តឡើងវិញ» ក្នុងពេលមានភាពមិនប្រាកដប្រជាជាសកល។
ការជួបប្រជុំគ្នា បានចាប់ផ្តើមកាលពីថ្ងៃចន្ទ ហើយនឹងដំណើរការរហូតដល់ថ្ងៃសុក្រ។

ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskyy ត្រូវបានគេរំពឹងថានឹងឡើងថ្លែងនៅថ្ងៃអង្គារនេះ ដើម្បីសុំឱ្យបន្តការគាំទ្រសម្រាប់ប្រទេសរបស់លោកនៅក្នុងសង្រ្គាមជាមួយរុស្ស៊ី។
ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក លោក Jake Sullivan និងនាយករដ្ឋមន្ត្រីចិនលោក លីឈាំង(Li Qiang) ក៏គ្រោងនឹងថ្លែងសុន្ទរកថានៅថ្ងៃអង្គារនេះផងដែរ។ សង្គ្រាមដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ក៏ស្ថិតនៅលើរបៀបវារៈកំពូលផងដែរ។
រដ្ឋមន្ត្រីមកពីប្រទេសកាតា ដែលជាអ្នកសម្រុះសម្រួលដ៏លេចធ្លោម្នាក់ក្នុងជម្លោះ និងមន្ត្រីមកពីមជ្ឈិមបូព៌ាផ្សេងទៀត នឹងជួបប្រជុំគ្នានៅថ្ងៃពុធ ដើម្បីពិភាក្សាអំពីរបៀបបញ្ចប់ការប្រយុទ្ធគ្នា។
កិច្ចប្រជុំចុងក្រោយនៅថ្ងៃសុក្រ ក៏នឹងងាកទៅរកសេដ្ឋកិច្ចពិភពលោកផងដែរ។
លោកស្រី Christine Lagarde មកពីធនាគារកណ្តាលអឺរ៉ុប និងមន្ត្រីផ្សេងទៀត នឹងពិភាក្សាតាមរយៈស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចពិភពលោក បន្ទាប់ពីជាច្រើនជុំនៃការដំឡើងអត្រាការប្រាក់កាលពីឆ្នាំមុន ដើម្បីទប់ស្កាត់អតិផរណា។