លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទីកាកបាទក្រហមកម្ពុជា នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ម្សិលមិញ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ ជាលើកទី២ របស់គណៈប្រតិភូយុវជនកាកបាទក្រហម សាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ចំនួន ៤៥រូប ដឹកនាំដោយលោកស្រី LEE MINSEON ជាប្រធានប្រតិភូ ដែលជំនួបនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះលោកជំទាវ អគ្គលេខាធិការស្តីទី បានសម្តែងនូវក្តីសោមនស្សរីករាយ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍ រយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ របស់គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ជាមួយកាកបាទក្រហមកម្ពុជា។ លោកជំទាវ អគ្គលេខាធិការស្តីទី បានធ្វើបទបង្ហាញស្តីពីប្រវត្តិរបស់កាកបាទក្រហមកម្ពុជា ដែលបានចាប់បដិសន្ធិនៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ១៩៥៥ និងមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស ចាប់តាំងពីឆ្នាំ១៩៩៤ រៀងដរាបមក និងមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានជាប់ឆ្នោតជាប្រធាន កាកបាទក្រហមកម្ពុជា ដោយមហាសន្និបាត ចាប់តាំងពីអាណត្តិទី២ ឆ្នាំ១៩៩៨ រហូតដល់អាណត្តិទី៧ នាពេលបច្ចុប្បន្ននេះ។
សកម្មភាពការងាររបស់កាកបាទក្រហមកម្ពុជា តាមយុទ្ធសាស្ត្រ២០២១-២០៣០ ដែលធ្វើប្រតិបត្តិការទៅតាមវិស័យអាទិភាពចំនួន៤ រួមមាន៖ ១-ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ២-សុខភាព និងការថែទាំសុខភាពក្នុងសហគមន៍ ៣-ការលើកកម្ពស់គោលការណ៍គ្រឹះ តម្លៃមនុស្សធម៌ និងវប្បធម៌អហិង្សា និង៤-ការអភិវឌ្ឍស្ថាប័ន។ លោកជំទាវ ក៏បានរំលេចដែរពីសកម្មភាពសំខាន់ៗថ្មីៗនេះ ដែលកាកបាទក្រហមកម្ពុជា បានធ្វើជាម្ចាស់ផ្ទះ (ជុំទី៣) នៃកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ និងវេទិកាយុវជនលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាពអាស៊ីអាគ្នេយ៍ ក៏ដូចជាសកម្មភាពក្នុងការចូលរួមលើកកម្ពស់បរិស្ថាន ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ តាមរយៈ ការចូលរួមដាំដើមឈើ និងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
ក្នុងឱកាសនោះដែរ តំណាងយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ២រូប បានធ្វើបទបង្ហាញស្តីពីបណ្តាញយុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា នៅតាមសាខាទាំង២៥រាជធានីខេត្ត និងការចូលរួមរបស់យុវជនកាកបាទក្រហមកម្ពុជា ក្នុងសកម្មភាពកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ តំបន់ និងភូមិភាគ ជាពិសេសបានគូសបញ្ជាក់ពីសេចក្តីសម្រេចចិត្ត និងសំណូមពររបស់យុវជន ក្នុងសេចក្តីថ្លែងការណ៍វេទិកាយុវជនលើកទី១ និងលើកទី២ នៃសមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ភូមិភាគអាស៊ីអាគ្នេយ៍ ជូនដល់គណៈប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន ផងដែរ។
លោកស្រី LEE MINSEON ប្រធានប្រតិភូយុវជនកាកបាទក្រហមសាធារណរដ្ឋកូរ៉េ សាខាអ៊ូសាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការធ្វើបទបង្ហាញរបស់កាកបាទក្រហមកម្ពុជា ដែលឆ្លុះបញ្ចាំងពីសកម្មភាពមនុស្សធម៌ មានលក្ខណៈស្រដៀងគ្នា ទៅនឹងការងាររបស់កាកបាទក្រហមសាធារណរដ្ឋកូរ៉េផងដែរ។ លោកស្រីបានថ្លែងអំណរគុណចំពោះក្រុមការងារកាកបាទក្រហមកម្ពុជា ដែលបានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងកំឡុងពេលស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការសម្របសម្រួលនានា ក្នុងដំណើរទស្សនកិច្ចផ្លាស់ប្តូរបទពិសោធន៍នេះ។ ជាមួយគ្នានេះ លោកស្រី បានគូសបញ្ជាក់ថា កាកបាទក្រហមសាធារណរដ្ឋកូរ៉េ និងកាកបាទក្រហមកម្ពុជា តែងតែមានទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អជាមួយគ្នានាពេលកន្លងមក ហេតុដូច្នេះហើយការផ្លាស់ប្តូរបទពិសោធន៍ជាលើកទី២នេះ នឹងធ្វើឱ្យសមាគមជាតិទាំងពីរ កាន់តែមានភាពជិតស្និទ្ធ សាមគ្គីភាព និងមិត្តភាពយូរអង្វែងតទៅ៕ អត្ថបទ៖ សំ ងីម