បច្ចុប្បន្ន អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួន បានងាកមកចូលរៀនជំនាញបច្ចេកទេស ក្នុងកម្មវិធី បណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីនយោបាយអាទិភាពមួយក្នុងចំណោមកម្មវិធីនយោបាយដដៃទៀត របស់រាជរដ្ឋាភិបាល នៅក្នុងអាណត្តិទី៧នេះ ។ ការងាកមករៀនជំនាញបច្ចេកទេសនេះ ដោយពួកគេជឿជាក់ថា នឹងអាចរកប្រាក់ចំណូលបានច្រើនជាងមុនពេលរៀនចប់។

អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចូលរៀនជំនាញបច្ចេកទេសនៅវិទ្យាស្ថានពហុបច្ចេកទេស ព្រះ កុសុមៈ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែមករា នេះ បានប្រាប់BTVឱ្យដឹងថា ការសម្រេចចិត្តចូលរៀន ជំនាញបច្ចេកទេសនៅពេលនេះ ព្រោះចង់ចេះជំនាញមួយឱ្យពិតប្រាកដ ងាយស្រួលបង្កើតមុខរបរ ឫអាច ទៅរកការងារធ្វើទទួលបានប្រាក់ចំណូលច្រើនជាមុន ។ ពួកគេ បានអរគុណដល់រាជរដ្ឋាភិបាល ដែលបាន ផ្តល់ឱកាសដល់ពួកគេបានចូលរៀនជំនាញបច្ចេកទេស ដោយមិនគិតថ្លៃ។
កម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារ ងាយរងហានិភ័យ និងអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏អាចចូលរួមបានដែលនោះ មានជំនាញ៣៨ ក្នុងវិស័យអាទិភាព ចំនួន១០រួមមាន៖ ទី១. វិស័យសំណង់ ទី២. វិស័យអគ្គិសនី និងថាមពល ទី៣. វិស័យអេឡិចត្រូ និក ទី៤. វិស័យបរិក្ខារត្រជាក់ និងកំដៅ ទី៥. វិស័យកម្មន្តសាល ទី៦. វិស័យមេកានិក/មេកានិករថយន្ត ទី៧. វិស័យទេសចរណ៍ ទី៨. វិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ទី៩. វិស័យសេវាកម្ម និងទី១០. វិស័យធុរកិច្ច និងព័ត៌មានវិទ្យា ។
សម្រាប់ទីតាំងបណ្ដុះបណ្តាល មានវិទ្យាស្ថានជំនាញផ្សេងៗពីគ្នា សរុបចំនួន៣៧ ដែលស្ថិតនៅ រាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ដូចជា៖ ខេត្តកណ្តាល កំពង់ស្ពឺ បាត់ដំបង ព្រះសីហនុ ខេត្តកោះកុង បន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ជាដើម ៕ អត្ថបទ៖ ទូច សោភ័ណ