ស្ទឹងត្រែង ៖ ភូមិចំនួន១៤ ស្ថិតក្នុងឃុំចំនួន៦ របស់ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បាននឹងកំពុងរងផលប៉ះ ពាល់ដោយសារជំនន់ទឹកភ្លៀង។
ឯកឧត្ដម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង បានណែនាំឱ្យប្រជាពលរដ្ឋ ដែលរស់នៅតំបន់ផ្លូវ ទឹក ឬតំបន់ទំនាប ធ្លាប់ទទួលរងការជន់លិច ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ពិសេសគឺយកចិត្តទុក ដាក់មើលថែទាំកូនចៅតូចៗ ក្រែងកើតមានករណីលង់ទឹកជាយថាហេតុ ណាមួយកើតឡើង ពិសេស ត្រូវប្រុងប្រយ័ត្នចំពោះសត្វអាសិរពិស ជាដើម បើមានករណីសត្វទិច ឬខាំ ត្រូវប្រញាប់ទៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីធ្វើការព្យាបាល ឱ្យបានទាន់ពេលវេលា និងត្រូវប្រកាន់ខ្ជាប់នូវការហូបស្អាត ផឹកស្អាត រស់នៅស្អាត ប្រកបដោយអនាម័យខ្ពស់ផងដែរ។
ឯកឧត្ដម បានណែនាំដល់អាជ្ញាធរតាមមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ដែល រងគ្រោះដោយសារជំនន់ទឹកភ្លៀង និងត្រៀមរួចជាស្រេចនូវឧបករណ៍ ឬសម្ភារសម្រាប់សង្គ្រោះបន្ទាន់ ក្នុង ករណីជំនន់ទឹកភ្លៀងកើនឡើង ដើម្បីជួយសង្គ្រាះពលរដ្ឋ នៅមូលដ្ឋានឱ្យបានទាន់ពេលវេលា។ មកទល់ពេលនេះ នៅក្នុងខេត្តស្ទឹងត្រែង ប្រជាពលរដ្ឋ ដែលបានរងផលប៉ះពាល់ពីជំនន់ទឹកភ្លៀង មានចំនួនជាង៧០០គ្រួសារ និងត្រូវបានជម្លៀស ចំនួន៥៥គ្រួសារ ទៅទីទួលសុវត្ថិភាព ក្នុងនោះផ្ទះ ដែល បានលិចទឹក មានចំនួនជិត៧០០ខ្នង៕
អត្ថបទ៖ មាស ផល្លា



