ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍កាលពីយប់ថ្ងៃចន្ទ (១៥ មករា) ថាកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថាពួកគេបានវាយប្រហារលើ «ទីស្នាក់ការចារកម្ម» របស់អ៊ីស្រាអែល នៅក្នុងតំបន់ពាក់កណ្តាលស្វយ័ត ឃើឌីស្ថាន (Kurdistan) របស់ប្រទេសអ៊ីរ៉ាក់ ខណៈដែលកងកម្លាំងវរជននេះបាននិយាយថា ពួកគេក៏បានវាយប្រហារនៅក្នុងប្រទេសស៊ីរីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ។

ការវាយប្រហារនេះកើតឡើងស្របពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃជម្លោះដែលរីករាលដាលពាសពេញមជ្ឈិមបូព៌ា ចាប់តាំងពីសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមអ៊ីស្លាមប៉ាឡេស្ទីនហាម៉ាស បានចាប់ផ្តើមកាលពីថ្ងៃទី០៧ ខែតុលា ដោយសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ជាច្រើនក៏បានចូលទៅក្នុងជម្លោះពីប្រទេសលីបង់ ស៊ីរី អ៊ីរ៉ាក់ និងយេម៉ែនផងដែរ។

កងឆ្មាំនេះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ដើម្បីឆ្លើយតបទៅនឹងភាពឃោរឃៅនាពេលថ្មីៗនេះនៃរបបជ្វីហ្វនិយម ដែលបណ្តាលឱ្យមានការសម្លាប់មេបញ្ជាការជាំច្រើននៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងចលនាអ័ក្សនៃការតស៊ូ ទីស្នាក់ការសំខាន់មួយក្នុងចំណោមទីស្នាក់ការចារកម្ម ម៉ូសាដ សំខាន់ៗ នៅក្នុងតំបន់ឃើឌីស្ថាន របស់អ៊ីរ៉ាក់ ត្រូវបានកម្ទេចដោយមីស៊ីលបាលិស្ទិក»។

អ៊ីរ៉ង់បានប្តេជ្ញាសងសឹកចំពោះការសម្លាប់សមាជិកឆ្មាំបដិវត្តន៍អ៊ីរ៉ង់បីនាក់ នៅក្នុងប្រទេសស៊ីរី កាលពីខែមុន រួមទាំងមេបញ្ជាការឆ្មាំជាន់ខ្ពស់ម្នាក់ ដែលបានបម្រើការជាទីប្រឹក្សាយោធានៅទីនោះ៕