ប្រធានាធិបតីកូរ៉េខាងត្បូង លោក យ៉ុន សុកយ៉ុល (Yoon Suk Yeol) នៅថ្ងៃអង្គារ (១៦ មករា) នេះបានរិះគន់ចំណាត់ការរបស់កូរ៉េខាងជើង ក្នុងការកំណត់កូរ៉េខាងត្បូងថាជាប្រទេសអរិភាព ដោយនិយាយថា នេះបង្ហាញពីធម្មជាតិ «ប្រឆាំងជាតិ និងប្រវត្តិសាស្ត្រ» របស់ទីក្រុងព្យុងយ៉ាង។

លោក យ៉ុន ក៏បាននិយាយផងដែរថា ការបាញ់មីស៊ីល និងកាំភ្លើងធំនាពេលថ្មីៗនេះរបស់កូរ៉េខាងជើង គឺជា «ការបង្កហេតុផ្នែកនយោបាយ» ដើម្បីបង្កចលាចលដល់សាធារណៈជនកូរ៉េខាងត្បូង។

នៅព្រឹកថ្ងៃដដែលនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់កូរ៉េខាងជើង បាននិយាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទ (១៥ មករា) បានអំពាវនាវឱ្យមានការកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីធានាថា កូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថាជា «សត្រូវចម្បង» ហើយបានព្រមានថាកូរ៉េខាងជើង មិនមានចេតនាជៀសវាងសង្រ្គាមដែលគួរតែកើតឡើងនោះទេ។

ការអំពាវនាវរបស់លោកគីម សម្រាប់ការផ្លាស់ប្តូររដ្ឋធម្មនុញ្ញនេះបានកើតឡើងនៅពេលដែលភាពតានតឹងបានកាន់តែអាក្រក់នៅក្នុងឧបទ្វីបកូរ៉េនាពេលថ្មីៗនេះ ស្របពេលមានការសាកល្បងមីស៊ីលជាបន្តបន្ទាប់ និងការជំរុញដោយទីក្រុងព្យុងយ៉ាង ដើម្បីបំបែកខ្លួនជាមួយនឹងគោលនយោបាយជាច្រើនទសវត្សរ៍ និងការផ្លាស់ប្តូរមធ្យោបាយដែលខ្លួនជាប់ទាក់ទងនឹងកូរ៉េខាងត្បូង៕