អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថា ការចាប់ខ្លួនបុគ្គលឈ្មោះ ខឹម ចាន់វណ្ណៈ ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ គឺដោយសារសមត្ថកិច្ចរកឃើញថា បុគ្គលរូបនេះបានក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ បានបញ្ជាក់ថា ការឃាត់ខ្លួនបុគ្គលឈ្មោះ ខឹម ចាន់វណ្ណៈ ដែលជាប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញ និងជាប្រធានប្រតិបត្តិប្រចាំខណ្ឌពោធិ៍សែនជ័យនោះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការគំរាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយ ដូចការចោទប្រកាន់របស់ក្រុមប្រឆាំង ឬពួកអគតិមួយក្តាប់តូចនោះឡើយ។
ការឃាត់ខ្លួនចំពោះបុគ្គលខាងលើនេះ គឺធ្វើឡើងបន្ទាប់ពី លោក សេង ហៀង ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យសមត្ថកិច្ចនាំខ្លួនបុគ្គលរូបនេះមកបង្ហាញខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យបានមុនថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២៤ ដើម្បីសាកសួរពីដំណើររឿងក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។
គួររំលឹកថា កាលពីនាថ្ងៃទី១១ ខែមករា ឆ្នាំ ២០២៤ សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានទទួលពាក្យបណ្ដឹងពីជនរងគ្រោះចំនួន៣នាក់ ប្តឹងឈ្មោះ ខឹម ចាន់វណ្ណៈ ពីបទក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយរបស់ពួកគាត់ ដើម្បីចុះឈ្មោះចូលបញ្ជីរាយនាមបេក្ខជនបម្រុងក្រុមប្រឹក្សាសង្កាត់ផ្សារថ្មីទី៣ របស់គណបក្សភ្លើងទៀន ដោយគ្មានការអនុញ្ញាតពីសាមីខ្លួន ដែលបានប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ឆ្នាំ ២០២៣កន្លងទៅ។
ផ្អែកតាមលទ្ធផលកោសល្យវិច្ច័យនេះ លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបញ្ជាឲ្យចូលខ្លួនចុះថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤ ពាក់ព័ន្ធសំណុំរឿងក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង ហើយសមត្ថកិច្ចបានឃាត់ខ្លួនជនឈ្មោះ ខឹម ចាន់វណ្ណៈ បញ្ជូនទៅតុលាការ ចាតការតាមនីតិវិធី នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២៤នេះ។
បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា ការឃាត់ខ្លួននេះ គឺសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេងពាក់ព័ន្ធដល់ការគំរាមកំហែង ធ្វើទុកបុកម្នេញលើសកម្មជននយោបាយណាមួយឡើយ ហើយបដិសេធ និងច្រានចោលទាំងស្រុងការចោទប្រកាន់ទាំងបំពានដោយគ្មានហេតុផល គ្មានមូលដ្ឋានច្បាស់លាស់របស់គណបក្សភ្លើងទៀន ដែលបានផ្សាយ កាលពីថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៤»៕ អត្ថបទ៖ បាន ចក់


