ភ្នំពេញ៖ ក្រុមវិស័យឯកជន បានបង្ហាញការសាទរ និងអរគុណជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ឲ្យដំណើរការមុខងារស្នើសុំចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន ឬសហគ្រាសចំនួន៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលនឹងជំរុញឲ្យការប្រកបអាជីវកម្មមានភាពងាយស្រួល និងបង្កើនភាពប្រកួតប្រជែងឲ្យល្អប្រសើរជាងមុន។
សូមជម្រាបជូនថា មុខងារស្នើសុំចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន ឬសហគ្រាសចំនួន៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសដាក់ដំណើរការនេះ រួមមាន៖ ១.កែប្រែព័ត៌មានលម្អិតអាសយដ្ឋានទីស្នាក់ការចុះបញ្ជី , ២.កែប្រែលក្ខន្តិកៈក្រុមហ៊ុន , ៣.កែប្រែសកម្មភាពអាជីវកម្ម , ៤.តម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ និង៥.កែប្រែព័ត៌មានគណនីធនាគារ។
លោកឧកញ៉ា លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមករានេះ បានមានប្រសាសន៍ប្រាប់ ប៊ីធីវី ឲ្យដឹងថា ពិតជាជួយវិស័យឯកជនបានមួយចំនួន តាមរយៈការកាត់បន្ថយពេលវេលា និងសោហ៊ុយ កាតបន្ថយនិតិវិធីស្មុគស្មាញ ជាពិសេសជួយលើកទឹកចិត្តក្រុមហ៊ុន សហគ្រាសធុនតូច និងមធ្យមឲ្យងាកមកធ្វើការចុះបញ្ជីផ្លាស់ប្តូរព័ត៌មានក្រុមហ៊ុន សហគ្រាសរបស់ខ្លួនតាមនិតិវិធីច្បាប់ ដែលជួយការពារពួកគាត់ពេលជួបបញ្ហា ជាជាងការធ្វើតាមទម្លាប់។
លោកបន្តថា “ដូចយើងដឹងហើយថា បច្ចុប្បន្នជាសម័យកាលបច្ចេកវិទ្យា ព័តមាន (I.T- Information Technology) និងបច្ចេកវិទ្យាដាតា(D.T- Data Technologies) ការប្រកួតប្រជែងមានកំរិតខ្ពស់ ដូចនេះការកាត់បន្ថយនិតិវិធីពេលវេលា និងសោហ៊ុយ ពិតជារួមចំណែកធ្វើឲ្យក្រុមហ៊ុន សហគ្រាសមានកំលាំងប្រកួតប្រជែងខ្ពស់”។ លោកបន្ថែមទៀតថា “យើងកត់សំគាល់ឃើញថា បច្ចុប្បន្នការធ្វើធុរកិច្ចមានចរន្តងាក់មកប្រើបចេ្ចកវិទ្យាព័តមានជាចំបង”។
ដោយឡែក លោកឧកញ៉ា ស៊ិន ចន្ធី ប្រធានសមាគមភស្តុភារកម្មកម្ពុជា បានឲ្យ ប៊ីធីវី ដឹងដែរថា មុខងារទាំង៥ខាងលើនេះ សម្រាប់វិស័យឯកជននឹងទទួលបានផលចំណេញ ងាកពីការប្រើប្រាស់ក្រដាស ទៅប្រើប្រាស់តាមប្រព័ន្ធឌីជីថល ដែលជួយ កាត់បន្ថយទាំងពេលវេលា និងការចំណាយផ្សេងៗទៀតជាដើម។
ក្នុងនាមវិស័យឯកជន លោកឧកញ៉ា ស៊ិន ចន្ធី បានទទូចស្នើសុំរដ្ឋាភិបាលឲ្យជួយកែសម្រួលបន្ថែមទៀតក្នុងវិស័យដឹកជញ្ជូន ឡូជីស្ទីក ដែលទាក់ទងការប្រើប្រាស់កំពង់ផែ និងការប្រើប្រាស់នូវការបញ្ចេញទំនិញជាដើម ឲ្យការអនុវត្តមានប្រសិទ្ធិភាព និងល្អប្រសើរជាងនេះទៀត ព្រោះថាសព្វថ្ងៃមើលឃើញថា ការអនុវត្តទៅជាឌីជីថលអេឡិចត្រូនិក បានត្រឹមតែ ៥០% ទៅ៦០%ប៉ុណ្ណោះ ដោយចង់ឲ្យប្រសើរថែមទៀត ដើម្បីជំរុញសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាឲ្យដើរទាន់ប្រទេសជិតខាង ឬអាចប្រកួតប្រជែងជាមួយគេដូចគ្នា។
យ៉ាងណាក៏ដោយ តំណាងវិស័យឯកជនខាងលើនេះ បានលើកឡើងស្រដៀងគ្នាថា រយៈពេលជិត ៥ខែមកនេះ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកត់សម្គាល់ឃើញថា មានការដាក់ចេញវិធានការកែទម្រង់ជាច្រើន ដែលលោកបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នករកទទួលទានទូទៅ តាមរយៈការកែលំអវិធាននានា ក៏ដូចជាបទប្បញ្ញត្តិផ្សេងៗ ជាពិសេសការជំរុញឲ្យកាន់តែលឿនលើការប្រើប្រាស់បច្ចេកវិទ្យាព័ត៍មាន។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីដាក់ដំណើរការមុខងារចុះបញ្ជីកែប្រែព័ត៌មានក្រុមហ៊ុន/សហគ្រាសចំនួន៥ លើប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានអន្តរក្រសួង បញ្ជាក់ថា ដំណើរការនេះ នឹងត្រូវធ្វើឡើងតាមរយៈប្រព័ន្ធអនឡាញទាំងស្រុង ដោយមិនតម្រូវឱ្យវត្តមានផ្ទាល់នៅទីកន្លែងទៀតទេ។ សមិទ្ធផលនេះ គឺជាការឆ្លើយតបយ៉ាងឆាប់រហ័សទៅនឹងសំណើរបស់វិស័យឯកជន ដែលរដ្ឋាភិបាលបានប្រកាសដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ កាលពីថ្ងៃទី១៣ ខវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ៕ អត្ថបទ៖ បូរ៉ាវី
