
អឺរ៉ុប៖ នៅថ្ងៃព្រហស្បតិ៍នេះ អធិការបតីអាល្លឺម៉ង់ លោកស្រី អង់កេឡា មឺកែល បាននិយាយថា អឺរ៉ុប កំពុងស្ថិតនៅលើទឹកកកដ៏ស្តើង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19ស្របពេលដែលវីរុសបម្លែងខ្លួនថ្មី Delta កំពុងគំរាមកំហែងដល់កិច្ចប្រឹងប្រែងកាត់បន្ថយករណីឆ្លងវីរុសដ៏កាចសាហាវមួយនេះ។
អំឡុងពេលថ្លែងទៅកាន់សភាអាល្លឺម៉ង់ លោកស្រី មឺកែល បាននិយាយថា ការឆ្លើយតបបន្ថែមទៀត ចំពោះការរីករាលដាលឆ្លងសកលជំងឺ COVID-19 គួរតែក្លាយជាប្រធានបទនៃកិច្ចពិភាក្សានៅក្នុងចំណោមក្រុមមេដឹកនាំសហភាពអឺរ៉ុប អំឡុងជំនួបនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោកស្រី កត់សំគាល់ឃើញថា ចំនួនករណីឆ្លងជំងឺ COVID-19នៅក្នុងប្លុក ២៧ប្រទេសមួយនេះ បន្តធ្លាក់ចុះ ខណៈដែលអត្រាចាក់វ៉ាក់សាំងបង្ការ បន្តកើនឡើង។
លោកស្រី និយាយថា ទោះបីជាមានហេតុផលត្រូវមានសង្ឃឹមក៏ដោយ ការរីករាលដាលឆ្លងសកល មិនទាន់បានផុតរលត់នោះទេ ជាពិសេសនៅតាមបណ្តាប្រទេសក្រីក្រនៅលើពិភពលោក ។ ប៉ុន្តែនៅអាល្លឺម៉ង់ និងអឺរ៉ុប ពួកយើងនៅតែស្ថិតនៅលើទឹកដ៏ស្តើងដដែល។
លោកស្រីមឺកែល បន្តថា ពួកយើងត្រូវតែប្រុងប្រយ័ត្នខ្ពស់ ជាពិសេសពេលមានការហក់ឡើងខ្ពស់នូវករណីឆ្លងវីរុសបម្លែងខ្លួនថ្មី Delta។
អាល្លឺម៉ង់ ជាកន្លែងដែលវីរុសបម្លែងខ្លួនថ្មី Delta រកឃើញមាន ១៥ភាគរយនៅក្នុងចំណោមករណីឆ្លងថ្មីស បានជំរុញឲ្យបណ្តាប្រទេសក្នុងប្លុកសហភាអឺរ៉ុប ឯកភាពលើទស្សនៈរួម ក្នុងការដាក់ឲ្យនៅដាច់ដោយឡែក អ្នកដំណើរមកពីតំបន់ឆ្លងវីរុសបម្លែងខ្លួនថ្មី៕ អត្ថបទ៖ សារ៉ាត់