
អភិបាលក្រុង វ៉ូរ៉ូណេស (Voronezh) ភាគខាងត្បូងនៃប្រទេសរុស្ស៊ី បានប្រកាសដាក់ទីក្រុងក្នុងភាពអាសន្ននៅថ្ងៃអង្គារ (១៦ មករា) នេះបន្ទាប់ពីអ្វីដែលក្រុមមន្ត្រីបាននិយាយថា គឺជាការវាយប្រហារដោយយានដ្រូនរបស់អ៊ុយក្រែន ដែលបានបំផ្លាញអគារជាច្រើន និងធ្វើឱ្យកុមារម្នាក់រងរបួស។
លោកអភិបាលក្រុង វ៉ាឌីម ស្ទេនីន (Vadim Kstenin) បាននិយាយនៅលើកម្មវិធីផ្ញើសារតេឡេក្រាមថា យ៉ាងហោចណាស់មនុស្សដែលរស់នៅក្នុងអគារផ្ទះល្វែងមួយត្រូវបានជម្លៀសទៅកាន់សាលារៀនក្បែរនោះ បន្ទាប់ពីកំទេចកំទីយានដ្រូនបានបង្កឱ្យមានអគ្គិភ័យតូចមួយ និងបង្កឲ្យមានការខូចខាត។
អភិបាលតំបន់ លោក អាឡិចហ្សែនឌ័រ ហ្គូស៊ី (Alexander Gusev) បាននិយាយនៅលើបណ្តាញតេឡេក្រាមរបស់ខ្លួនថា ក្មេងស្រីម្នាក់បានរងរបួស នៅពេលដែលកំទេចកំទីយានដ្រូនធ្លាក់ទៅលើអគារផ្ទះល្វែងរបស់នាង។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅលើបណ្តាញតេឡេក្រាមថា ខ្លួនបានបំផ្លាញយានដ្រូនចំនួន ៥គ្រឿង និងស្ទាក់ចាប់បានបីគ្រឿងទៀតលើតំបន់ វ៉ូរ៉ូណេស ដែលជាប់ព្រំដែនអ៊ុយក្រែន។ ទីក្រុង វ៉ូរ៉ូណេស គឺជាមជ្ឈមណ្ឌលរដ្ឋបាលនៃតំបន់នេះ។
ទីក្រុងគីវ បានបង្កើនការវាយប្រហារតាមអាកាសរបស់ខ្លួនក្នុងប៉ុន្មានខែថ្មីៗនេះ នៅក្នុងអ្វីដែលខ្លួននិយាយថា គឺជាការវាយប្រហារសំដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារុស្ស៊ី ដើម្បីបំផ្លាញកិច្ចខិតខំប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ៕