
ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា មនុស្សបួននាក់រួមទាំងអ្នកបើកបរបានស្លាប់ និងមនុស្សម្នាក់ទៀតបានរងរបួសយ៉ាងធ្ងន់ធ្ងរ នៅពេលដែលបាឡុងខ្យល់ក្តៅមួយបានធ្លាក់ចូលទៅក្នុងវាលខ្សាច់រដ្ឋអារីហ្សូណា (Arizona) កាលពីថ្ងៃអាទិត្យ (១៤ មករា) ហើយមនុស្សចំនួន ៨នាក់ បានលោតចេញពីកន្ត្រកហោះនោះដោយជោគជ័យ។
ក្រុមប្រឹក្សាសុវត្ថិភាពដឹកជញ្ជូនជាតិរបស់សហរដ្ឋអាមេរិក (NTSB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទ ថាបាឡុង គូប៊ីខេក ប៊ីប៊ី ៨៥ហ្ស៊ី (Kubicek BB 85 Z) បានធ្លាក់កាលពីថ្ងៃអាទិត្យនៅតំបន់វាលខ្សាច់ អេឡយ (Eloy) ចម្ងាយប្រហែល ១០០គីឡូម៉ែត្រ ភាគអាគ្នេយ៍នៃទីក្រុង ហ្វូនីក (Phoenix) ហើយមូលហេតុនៃហេតុការណ៍នេះនៅតែស្ថិតក្រោមការស៊ើបអង្កេត។
ក្រុមប្រឹក្សាសុវត្ថិភាព NTSB បាននិយាយថា ការត្រួតពិនិត្យដំបូងបានរកឃើញថាមិនមានភាពមិនប្រក្រតីខាងមេកានិចទេ ដោយសារតែទាំងបាឡុង និងកន្ត្រកហាក់ដូចជានៅដដែល ដោយបន្ថែមថាសំបកគ្របសម្រាប់ហោះហើរខាងលើនឹងត្រូវពិនិត្យពេលក្រោយ។
ឧបករណ៍អេឡិចត្រូនិចផ្ទុកទិន្នន័យហោះហើរ និងកាមេរ៉ាវីដេអូត្រូវបានបញ្ជូនទៅកាន់ទីស្នាក់ការកណ្តាលរបស់ក្រុមប្រឹក្សាសុវត្ថិភាព NTSB ក្នុងទីក្រុងវ៉ាស៊ីនតោន សម្រាប់ការវិភាគបន្ថែមទៀត៕