
អ័ព្ទដ៏ក្រាស់បានគ្របដណ្តប់ផ្នែកធំៗនៃភាគខាងជើងនៃប្រទេសឥណ្ឌា នៅថ្ងៃអង្គារ (១៦ មករា) នេះសម្រាប់រយៈពេលបីថ្ងៃជាប់គ្នានៃរលកត្រជាក់ខ្លាំងដោយកាត់បន្ថយកម្រិតនៃការមើលឃើញនិងរំខានដល់ជើងហោះហើរជាង ១៦០ជើង។
តាមសេចក្តីរាយការណ៍ឲ្យដឹងថា ជើងហោះហើរចំនួន ១២៨ជើងពីអាកាសយានដ្ឋានអន្តរជាតិក្នុងរដ្ឋធានីញូវដេលី ត្រូវបានពន្យារពេល ដោយជើងហោះហើរ ៣៣ជើងត្រូវបានលុបចោល ដែលជាឥទ្ធិពលមួយបង្កផលប៉ះពាល់ដល់កាលវិភាគហោះហើរទូទាំងប្រទេស។
មន្ត្រីអាកាសធាតុបាននិយាយថា កម្រិតនៃភាពមើលឃើញនៅអាកាសយានដ្ឋានស្ថិតនៅចម្ងាយ ៥០ម៉ែត្រ នៅម៉ោង ៨ព្រឹក (ម៉ោងក្នុងស្រុក) ដោយព្យាករណ៍ពីស្ថានភាពស្រដៀងគ្នានេះរហូតដល់ចុងសប្តាហ៍។
សីតុណ្ហភាពទាបបំផុតរបស់ទីក្រុងញូវដេលី ក្នុងរដូវរងានេះគឺ ៣,៣អង្សាសេ កាលពីថ្ងៃច័ន្ទ (១៥ មករា) នៅពេលដែលកម្រិតការមើលឃើញចុះទាប និងអ័ព្ទដ៏ក្រាស់បានបណ្តាលឱ្យមានការពន្យារពេលជើងហោះហើររហូតដល់ ៥០០ជើង និងការលុបចោលចំនួន ៨៧ជើង។
អ័ព្ទក្រាស់ខ្លាំងនេះក៏បានប៉ះពាល់ដល់បណ្តាញផ្លូវដែកផងដែរ ខណៈដែលរថភ្លើងចំនួន ៣០គ្រឿងត្រូវបានពន្យារពេលពីស្ថានីយ៍រថភ្លើង ញូវដេលី ជាទីដែលអ្នកដំណើរត្រូវបានគេឃើញសម្រាកចាំក្នុងស្ថានីយ៍ស្របពេលមានអាកាសធាតុត្រជាក់ខ្លាំង៕