
បើយោងតាមការស្ទង់មតិថ្មីមួយ បានឲ្យដឹងថា ការព្រួយបារម្ភដ៏ធំរបស់អ្នកបោះឆ្នោតលើដំណើរការលទ្ធិប្រជាធិបតេយ្យ ឬសេដ្ឋកិច្ចរឹងមាំ ឆ្លុះបញ្ចាំងពីការបែងចែកបក្សពួកដដែលៗ ក្នុងឥរិយាបថ នៅទូទាំងសហរដ្ឋអាមេរិក។
បើយោងតាមការស្ទង់មតិរបស់អង្គភាព CBS/YouGov ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ (ទី១៤ ខែមករា) ពោលគឺមួយថ្ងៃមុនការប្រជុំ នៅរដ្ឋ Iowa បានបង្ហាញថា អ្នកបោះឆ្នោតនាពេលខាងមុខពាក់កណ្តាល ទំនងជាមានអារម្មណ៍ថា ដំណើរការលទ្ធិប្រជាធិបតេយ្យ គឺជាកង្វល់ធំជាងការមានសេដ្ឋកិច្ចរឹងមាំ សម្រាប់សហរដ្ឋអាមេរិក ក្នុងរយៈប៉ុន្មានឆ្នាំខាងមុខនេះ។ តែអ្នកបោះឆ្នោតនាពេលខាងមុខពាក់កណ្ដាលទៀត មានអារម្មណ៍ថា សេដ្ឋកិច្ចរឹងមាំ គឺជាកង្វល់ធំជាង។
អ្នកបោះឆ្នោតរបស់គណបក្សប្រជាធិបតេយ្យសរុបចំនួន ៦៤ភាគរយបានចាត់ទុកដំណើរការលទ្ធិប្រជាធិបតេយ្យជាកង្វល់ធំជាង។ ហើយជាង ១ភាគ៣នៃអ្នកបោះឆ្នោតគណបក្សសាធារណរដ្ឋ និងជាងពាក់កណ្តាលនៃអ្នកបោះឆ្នោតឯករាជ្យ មានអារម្មណ៍ដូចគ្នា។
ការស្ទង់មតិបានបង្ហាញថា អ្នកបោះឆ្នោតនៃគណបក្សសាធារណរដ្ឋ ដែលមានចំនួន ៦៥ភាគរយ ទំនងជាមើលឃើញថា សេដ្ឋកិច្ចរឹងមាំជាការព្រួយបារម្ភកាន់តែធំឡើងៗ។ ការស្ទង់មតិក៏បានរកឃើញដែរថាប្រធានាធិបតីលោក Joe Biden មានសំឡេងគាំទ្រនៅពីក្រោយបេក្ខជនឈានមុខគេរបស់គណបក្សសាធារណរដ្ឋ (GOP) ក្នុងការផ្គូផ្គងបុគ្គល និងបុគ្គល ក្នុងចំណោមអ្នកបោះឆ្នោតនាពេលខាងមុខ។
បើយោងតាមរបាយការណ៍របស់វេបសាយ Axios បានឲ្យដឹងថា ការស្ទង់មតិនេះ បានធ្វើឡើងចំពោះមនុស្សពេញវ័យអាមេរិកចំនួន ២.៨៧០នាក់ នៅចន្លោះថ្ងៃទី ១០-១២ ខែមករា ដោយទំហំនៃកំហុសឆ្គងបូក ឬដក នៅកម្រិត ២.៥ភាគរយ៕