
មហាសេដ្ឋីលុយវាល់លានលោក Vivek Ramaswamy ដែលជាអតីតនាយកប្រតិបត្តិជីវបច្ចេកវិទ្យា បានបញ្ចប់ការប្រកួតប្រជែងដណ្ដើមកៅអីសេតវិមានរបស់ខ្លួនហើយ កាលពីថ្ងៃចន្ទ (ទី១៥ ខែមករា) ហើយបានគាំទ្រលោក Donald Trump បន្ទាប់ពីការចូលរួមប្រកួតប្រជែងដ៏យូររបស់លោក បានទាក់ទាញការចាប់អារម្មណ៍ ប៉ុន្តែមិនមានកម្រិតខ្ពស់គ្រប់គ្រាន់ ដើម្បីឲ្យរូបលោកអាចប្រជែងការតែងតាំងដំបូងរបស់គណបក្សសាធារណរដ្ឋ នៅរដ្ឋ Iowa បាននោះឡើយ។
លោក Ramaswamy ដែលទើបមានវ័យ ៣៨ឆ្នាំ កើតក្នុងរដ្ឋ Ohio ជាមួយឪពុកម្តាយធ្វើអន្តោប្រវេសន៍មកពីភាគខាងត្បូងប្រទេសឥណ្ឌានោះ គឺជាម្នាក់ ក្នុងចំណោមបេក្ខជនដ៏គួរឲ្យភ្ញាក់ផ្អើល ក្នុងការប្រកួតប្រជែងរបស់គណបក្សសាធារណរដ្ឋឆ្នាំ២០២៤ ដែលអតីតប្រធានាធិបតីលោក Trump មានប្រៀបជាងគេ។
ក្នុងនាមជាអ្នកការពារដ៏ខ្លាំងក្លាចំពោះលោក Trump ពេញមួយយុទ្ធនាការ លោក Ramaswamy ទំនងជាបានធានាឲ្យខ្លួនលោកទទួលបានទីតាំងមួយ នៅក្នុងនយោបាយរបស់សាធារណៈរដ្ឋ ដែលធ្វើដំណើរឆ្ពោះទៅមុខជាមួយនឹងបុគ្គលិកលក្ខណៈវ័យក្មេងរបស់លោក ហោប៉ៅធ្ងន់ (លុយច្រើន) និងការនិយាយញាប់ និងការធ្វើយុទ្ធនាការមិនញញើត។
តែយ៉ាងណាក្ដី លោក Trump បានវាយប្រហារលោកនៅប៉ុន្មានថ្ងៃចុងក្រោយ នៅមុនការប្រជុំនៅរដ្ឋ Iowa ដោយបានហៅលោកថា ជា «អ្នកក្លែងបន្លំ» ហើយបានអះអាងថា ការបោះឆ្នោតឲ្យលោក Ramaswamy គឺជាការបោះឆ្នោតឲ្យ «ភាគីម្ខាងទៀត»។ លទ្ធផលមួយផ្នែកសម្រាប់ការប្រជុំ នៅរដ្ឋ Iowa បានបង្ហាញថា លោក Ramaswamy ជាប់ចំណាត់ថ្នាក់លេខ៤ ដោយមានសំឡេងគាំទ្រប្រហែល ៧,៧ភាគរយ៕