
ក្រុមហ៊ុនប្ដូររូបិយប័ណ្ណគ្រីបតូ HashKey Group នៅថ្ងៃអង្គារ (ទី១៦ ខែមករា) នេះ បាននិយាយថា ខ្លួនរៃអង្គាសប្រាក់បានជិត ១០០លានដុល្លារ បន្ទាប់ពីការបញ្ចប់ជុំផ្តល់ហិរញ្ញប្បទាន Series A ដោយធ្វើឲ្យតម្លៃក្រុមហ៊ុនលើសពី ១,២ពាន់លានដុល្លារ។
ក្រុមហ៊ុម HashKey បានឲ្យដឹងថា ដើមទុនដែលបានកើនឡើងថ្មីនេះ នឹងត្រូវបានប្រើដើម្បីពង្រឹងប្រព័ន្ធអេកូ Web3 បង្កើនការពិពិធកម្មផលិតផលនៃអាជីវកម្មដែលមានអាជ្ញាប័ណ្ណ នៅក្នុងទីក្រុងហុងកុង និងគាំទ្រដល់ការអភិវឌ្ឍន៍ជាសាកលរបស់ក្រុមហ៊ុន។ Web3 គឺជាទម្រង់នៃអ៊ីនធឺណិតដែលដំណើរការលើបច្ចេកវិទ្យាប្លុកឆេន ដែលប្រើប្រាស់ដោយទ្រព្យសកម្មគ្រីបតូ។
ក្រុមហ៊ុនប្ដូរប្រាក់ ដែលមានមូលដ្ឋាននៅទីក្រុងហុងកុងនេះ បានបន្ថែមថា ជុំផ្តល់ហិរញ្ញប្បទានបានទាក់ទាញអ្នកវិនិយោគថ្មីៗ ក្នុងនោះរួមទាំងអ្នកវិនិយោគដ៏មានឥទ្ធិពល ស្ថាប័ន Web3 និងដៃគូយុទ្ធសាស្ត្រផងដែរ។ ក្នុងខែសីហា ក្រុមហ៊ុន HashKey បានក្លាយជាក្រុមហ៊ុនជួញដូរគ្រីបតូដែលមានអាជ្ញាប័ណ្ណដំបូងគេ នៅក្នុងទីក្រុងហុងកុង ដើម្បីផ្តល់សេវាកម្មរបស់ខ្លួនដល់អ្នកប្រើប្រាស់លក់រាយ ដែលអនុញ្ញាតឲ្យក្រុមហ៊ុនពង្រីកវិសាលភាពរបស់ខ្លួនពីការបម្រើវិនិយោគិនដែលមានជំនាញវិជ្ជាជីវៈដល់អ្នកប្រើប្រាស់លក់រាយ។
រដ្ឋបាលក្រុងហុងកុងបាននិងកំពុងទទួលយករូបិយប័ណ្ណគ្រីបតូ ដែលបំពេញតម្រូវការទីផ្សារ សម្រាប់ទ្រព្យសកម្មជម្រើសផ្សេង និងការលើកកម្ពស់ការអភិវឌ្ឍ Web3 នៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីមួយនេះ៕