
រដ្ឋាភិបាលអង់គ្លេស នៅថ្ងៃអង្គារ (ទី១៦ ខែមករា) បានប្រកាសថា ចក្រភពអង់គ្លេស គ្រោងនឹងដាក់បម្រាមលើក្រុម Hizb ut-Tahrir ដែលជាក្រុមនយោបាយអ៊ីស្លាមនិយមអន្តរជាតិ ដោយកំណត់ក្រុមនេះថា ជាអង្គការភេរវកម្ម ដោយលើកឡើងពីអ្វីដែលខ្លួនបាននិយាយថា ក្រុមនេះបានសរសើរការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា លើអ៊ីស្រាអែល។
ក្រសួងមហាផ្ទៃរបស់ចក្រភពអង់គ្លេស បានប្រកាសផែនការនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយដោយនិយាយថា ការកំណត់ថ្មី នឹងមានន័យថា «ការមានទំនាក់ទំនង ការជំរុញឲ្យមានការគាំទ្រចំពោះ និងការបង្ហាញអត្ថបទជាច្រើននៅកន្លែងសាធារណៈ តាមរបៀប ដែលបង្កឲ្យមានការសង្ស័យអំពីសមាជិកភាព ឬការគាំទ្រសម្រាប់ក្រុមនេះ នឹងក្លាយជាបទល្មើសព្រហ្មទណ្ឌ»។
គេរំពឹងថា សភានឹងពិភាក្សា និងបោះឆ្នោតលើវិធានការនេះ ក្នុងសប្តាហ៍នេះ។ ប្រសិនបើត្រូវបានអនុម័ត វានឹងចូលជាធរមាន នៅត្រឹមថ្ងៃទី១៩ ខែមករា។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក James Cleverly បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី ១៥ ខែមករាថា «ក្រុម Hizb ut-Tahrir គឺជាអង្គការប្រឆាំងនឹងជនជាតិជ្វីហ្វ ដែលផ្សព្វផ្សាយ និងលើកទឹកចិត្តដល់អំពើភេរវកម្មយ៉ាងសកម្ម រួមទាំងការសរសើរ និងអបអរសាទរការវាយប្រហារថ្ងៃ៧ តុលា ដ៏គួរឲ្យរន្ធត់»។
សាខានៅអង់គ្លេសរបស់ក្រុម Hizb ut-Tahrir បានឲ្យដឹងថា កិច្ចខិតខំប្រឹងប្រែង ដើម្បីដាក់បម្រាមលើខ្លួន គឺជា «វិធានការអស់សង្ឃឹមមួយ ដើម្បីត្រួតពិនិត្យការជជែកវែកញែក អំពីអំពើប្រល័យពូជសាសន៍ នៅប៉ាឡេស្ទីន និងដើម្បីបញ្ឈប់ជម្រើសនយោបាយតែមួយគត់របស់សាសនាឥស្លាម ហើយថា ខ្លួននឹងតតាំងជាមយយវិធានការនេះ ដោយប្រើគ្រប់មធ្យោបាយផ្លូវច្បាប់ទាំងអស់៕