
អ៊ីស្រាអែល នៅថ្ងៃទី១៥ ខែមករា បាននិយាយថា ដំណាក់កាល «ខ្លាំងក្លា» នៃសង្រ្គាមរបស់ខ្លួនលើក្រុមហាម៉ាស នៅតំបន់ហ្កាហ្សាភាគខាងត្បូង ដែលត្រូវបានបំផ្លិចបំផ្លាញ នឹងបញ្ចប់ «ក្នុងពេលឆាប់ៗនេះ" ខណៈដែលប្រធានអង្គការសហប្រជាជាតិ បានអង្វរសុំឲ្យមាន «បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់»។
ក្រុមហាម៉ាសបានប្រកាសពីការស្លាប់របស់ចំណាប់ថ្នូរអ៊ីស្រាអែល ២នាក់ដែលខ្លួនបានចាប់ ក្នុងអំឡុងពេលការវាយប្រហារនៅខែតុលាដែលបង្កឲ្យមានសង្រ្គាមនេះ នៅក្នុងវីដេអូ ដែលអ៊ីស្រាអែល បានថ្កោលទោសថា ជា «ការប្រើប្រាស់យ៉ាងព្រៃផ្សៃ ចំពោះចំណាប់ថ្នូរស្លូតត្រង់»។
ការប្រយុទ្ធគ្នាបានបំផ្លិចបំផ្លាញតំបន់ហ្កាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី៧ ខែតុលា នៅពេលដែលពួកសកម្មប្រយុទ្ធហាម៉ាស បានធ្វើការវាយប្រហារមិនធ្លាប់មានពីមុនមកលើអ៊ីស្រាអែល ដែលបណ្តាលឲ្យមនុស្សប្រហែល ១.១៤០នាក់ បានស្លាប់ ភាគច្រើនជាជនស៊ីវិល។ នេះបើយោងតាមការបូកសរុបរបស់សារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែល។
ហើយបើយោងតាមក្រសួងសុខាភិបាលនៃដែនដីប៉ាឡេស្ទីនដែលគ្រប់គ្រងដោយក្រុមហាម៉ាស បានឲ្យដឹងថា ដោយប្តេជ្ញាបំផ្លាញក្រុមហាម៉ាស អ៊ីស្រាអែលបានចាប់ផ្តើមយុទ្ធនាការយោធាឥតឈប់ឈរ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤.១០០នាក់ នៅក្នុងតំបន់ហ្កាហ្សា ដែលភាគច្រើនជាស្ត្រី និងកុមារ។
តែយ៉ាងណាក្ដី រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Yoav Gallant បានប្រាប់សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១៥ ខែមករាថា «ដំណាក់កាលធ្វើសង្គ្រាមដ៏ខ្លាំងក្លា» ដែលមានរយៈពេលប្រហែល ៣ខែហើយនោះ «នឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ» នៅក្នុងតំបន់ហ្កាហ្សាភាគខាងត្បូង។
ពាក់ព័ន្ធនឹងសង្គ្រាមនេះ ប្រធានអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃទី១៥ ខែមករានោះដែរ ក៏បានអំពាវនាវម្តងទៀតឲ្យមានការឈប់បាញ់មនុស្សធម៌នៅតំបន់ហ្កាហ្សា «ដើម្បីធានាបាននូវជំនួយគ្រប់គ្រាន់ទៅកាន់កន្លែងដែលតំបន់នេះត្រូវការ ដើម្បីជួយសម្រួលដល់ការដោះលែងចំណាប់ថ្នូរ និងដើម្បីពន្លត់ភ្លើងនៃសង្រ្គាមកាន់តែរីករាលដាលនេះ»៕