
ក្រសួងហិរញ្ញវត្ថុ និងការិយាល័យនាយករដ្ឋមន្ត្រី បាននិយាយថា គណៈរដ្ឋមន្ត្រីរបស់អ៊ីស្រាអែល កាលពីថ្ងៃចន្ទ បានអនុម័តថវិការដ្ឋដែលមានជម្លោះឆ្នាំ២០២៤ ជាមួយនឹងវិសោធនកម្មបន្ថែមការចំណាយចំនួន ៥៥ ពាន់លានសេកែល (១៥ពាន់លានដុល្លារ) បន្ទាប់ពីសង្គ្រាមអស់រយៈពេលជាង ៣ខែជាមួយក្រុមហាម៉ាស។
ជាមួយនឹងសង្គ្រាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមអ៊ីស្លាមប៉ាឡេស្ទីនបានកន្លងផុតទៅ ១០០ ថ្ងៃកាលពីថ្ងៃអាទិត្យ ថវិកាដែលបានធ្វើវិសោធនកម្ម នឹងរួមបញ្ចូលប្រាក់បន្ថែមទៀតសម្រាប់ការពារ និងសំណងសម្រាប់អ្នកដែលរងផលប៉ះពាល់ដោយជម្លោះ រួមជាមួយនឹងការបែងចែកខ្ពស់សម្រាប់ការថែទាំសុខភាព សណ្តាប់ធ្នាប់ សុខុមាលភាព និងការអប់រំ។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Bezalel Smotrich បាននិយាយបន្ទាប់ពីការបោះឆ្នោតថា៖«យើងបានផ្លាស់ប្តូរអាទិភាព ដើម្បីឲ្យអ្នកបំរុង និងអ្នកប្រយុទ្ធគ្រប់រូប និងក្រុមគ្រួសាររបស់ខ្លួន ដឹងថា មានរដ្ឋាភិបាលដែលឈរនៅពីក្រោយគាត់ និងថែរក្សាគាត់ យ៉ាងពេញលេញ»។
ការអនុម័តនេះ បានកើតឡើងបន្ទាប់ពីការជជែកដេញដោលជាង ២៤ ម៉ោង ដែលការបោះឆ្នោតមួយ ត្រូវបានពន្យារពេលដោយរដ្ឋមន្ត្រី មិនសប្បាយចិត្តជាមួយនឹងកម្រិតនៃការកាត់បន្ថយថវិកាដល់ក្រសួងមួយចំនួនដែលមានបំណងទូទាត់ការចំណាយលើសង្រ្គាមបន្ថែម។ នៅទីបញ្ចប់ ការកាត់បន្ថយផែនការមួយចំនួនចំពោះសុខភាព និងសន្តិសុខផ្ទៃក្នុង ត្រូវបានលុបចោល ដើម្បីធានាបាននូវការអនុម័តថវិកា។
សរុបមក ការចំណាយសរុបក្នុងឆ្នាំ ២០២៤ នឹងមានចំនួនដល់ទៅ ៥៨២ ពាន់លានដុល្លា កើនឡើងប្រហែល ៧០ពាន់លានពីថវិកាដំបូងរបស់ខ្លួន ហើយបន្ទាប់ពីការកាត់បន្ថយចំនួន ២០ពាន់លានដុល្លា។ ក្រសួងព្យាករថា ឱនភាពថវិកាចំនួន ៦,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបក្នុងឆ្នាំនេះ។
កាលពីឆ្នាំមុន អ៊ីស្រាអែល បានអនុម័តថវិការយៈពេលពីរឆ្នាំសម្រាប់ឆ្នាំ ២០២៣ និង ២០២៤ ប៉ុន្តែសង្រ្គាមនៅតំបន់ហ្កាហ្សា បានធ្វើឲ្យរង្គោះរង្គើផ្នែកហិរញ្ញវត្ថុរបស់រដ្ឋាភិបាល ដោយតម្រូវឲ្យមានការផ្លាស់ ប្តូរថវិកា និងការចំណាយបន្ថែម។