អាមេរិក៖ ក្រុមមន្ត្រីនិយាយថា មនុស្សយ៉ាងហោចណាស់ ៣នាក់បានស្លាប់ និងរាប់សិបនាក់កំពុងបាត់ខ្លួន បន្ទាប់ពីការបាក់រលំអគារលំនៅឋានប្រជាពលរដ្ឋកម្ពស់ ១២ជាន់ក្នុងភាគខាងជើងទីក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។

ពេលនេះចំនួនមនុស្សដែលត្រូវគេកំណត់ទីតាំងបានឡើងដល់ ១០២នាក់ ខណៈមនុស្ស ៩៩នាក់ទៀតនៅតែបាត់ខ្លួននៅឡើយ នេះបើយោងតាមការឲ្យដឹងពីលោកស្រី Daniella Levine Cava អភិបាលក្រុង Miami។ គេនៅមិនទាន់ច្បាស់ទេថា តើមានមនុស្សប៉ុន្មាននាក់នៅក្នុងអគារពេលបាក់រលំនោះ។ យ៉ាងណាមិញ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេពីមូលហេតុ នៃការបាក់រលំដែលបណ្ដាលឲ្យប៉ះពាល់ដល់លំនៅឋានជាង ១៣០ខ្នងនៅក្នុងបរិវេណនោះ។ ប្លុកនៅក្នុងទីប្រជុំជន Surfside ត្រូវបានសាងសង់ក្នុងឆ្នាំ១៩៨០។

ជនអន្តោប្រវេសន៍អាមេរិកឡាទីនមួយចំនួន ត្រូវបានស្ថានកុងស៊ុលរបស់ពួកគេរាយការណ៍ថា កំពុងបាត់ខ្លួន។ ក្រុមមន្ត្រីនិយាយថា ក្រុមអ្នកសង្គ្រោះបានទាញមនុស្ស ៣៥នាក់ចេញពីកម្ទេចថ្ម។ មនុស្សចំនួន ១០នាក់ត្រូវបានពិនិត្យ និងព្យាបាលដោយក្នុងនោះ ២នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ៕
អត្ថបទ៖ សុខមាន