អាជ្ញាធរនៅក្នុងប្រទេសចិន កំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងផ្តល់ជំនួយបន្ទាន់ នៅថ្ងៃអង្គារនេះ ដើម្បីបានទៅដល់អ្នកទេសចរប្រមាណ ១.០០០ នាក់ ដែលជាប់នៅក្នុងភូមិសម្រាកលំហែកាយដាច់ស្រយាលមួយកន្លែង បន្ទាប់ពីព្រិលទឹកកកបានវាយប្រហារតំបន់ស៊ីនជាំង(Xinjiang) ។
វីដេអូដែលចាក់ផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានបង្ហាញ ក្រុមទាហានកំពុងផ្ទុកនៅលើឧទ្ធម្ភាគចក្រនូវគ្រឿងផ្គត់ផ្គង់ជាច្រើន។
ផ្លូវចូលទៅកាន់ភូមិ Hemu ជាទិសដៅទេសភាពនៅក្បែរព្រំដែនប្រទេសកាហ្សាក់ស្ថាន រុស្ស៊ី និងម៉ុងហ្គោលី ដែលអ្នកទេសចរបានជាប់គាំងដំណើរនោះ ត្រូវបានកាត់ផ្តាច់ដោយព្រិលធ្លាក់ជាច្រើនថ្ងៃមកហើយ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ភូមិនេះស្ថិតនៅក្នុងខេត្ត Altay នៃតំបន់ Xinjiang ជាកន្លែងមានព្រិលធ្លាក់ជាបន្តបន្ទាប់នៅក្នុងតំបន់មួយចំនួន ដែលបានអូសបន្លាយរយៈពេល ១០ ថ្ងៃមកហើយ។
ទូរទស្សន៍ CCTV បានរាយការណ៍ថា ព្រិលដែលនាំមកដោយព្រិលធ្លាក់ចុះពីលើភ្នំ បានឡើងដល់កម្ពស់ ៧ ម៉ែត្រ នៅផ្នែកខ្លះ និងនៅផ្នែកជាច្រើនទៀត មានកម្ពស់ខ្ពស់ជាងឧបករណ៍បោសសម្អាតព្រិល។