
អ៊ីរ៉ង់ បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួនបានបាញ់មីស៊ីលបាលិស្ទិកទៅលើគោលដៅនានាក្នុងប្រទេសអ៊ីរ៉ាក់ និងស៊ីរី ក្នុងការការពារអធិបតេយ្យភាព និងសន្តិសុខរបស់ខ្លួន ក៏ដូចជាការប្រឆាំងអំពើភេរវកម្ម។
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ បាននិយាយថា ពួកគេបានវាយប្រហារលើ«ទីបញ្ជាការចារកម្ម» របស់អ៊ីស្រាអែល នៅក្នុងតំបន់ពាក់កណ្តាលស្វយ័តឃើដឌីស្តង់ (Kurdistan) របស់ប្រទេសអ៊ីរ៉ាក់ កាលពីល្ងាចថ្ងៃចន្ទ បន្ថែមពីលើការវាយប្រហារនៅក្នុងប្រទេសស៊ីរីប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាមផងដែរ។
អ៊ីរ៉ាក់បានកោះហៅភារធារីអ៊ីរ៉ង់នៅទីក្រុងបាកដាដ នៅថ្ងៃអង្គារនេះ ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារនៅក្នុងប្រទេសឃើដឌីស្តង់ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ាក់បានរាយការណ៍កាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បាននិយាយថា ទីក្រុងតេអេរ៉ង់ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសដទៃទៀត ប៉ុន្តែក្នុងពេលជាមួយគ្នានេះ កំពុងប្រើប្រាស់ សិទ្ធិស្របច្បាប់ និងភាពស្របច្បាប់របស់ខ្លួន ដើម្បីទប់ស្កាត់ការគំរាមកំហែងសន្តិសុខជាតិ។
លោក Kanaani បានបន្ថែមថា៖«បន្ទាប់ពីសត្រូវគណនាខុស ដោយកំណត់គោលដៅលើសាធារណរដ្ឋអ៊ីស្លាម អ៊ីរ៉ង់បានសងសឹកជាមួយនឹងសមត្ថភាពស៊ើបការណ៍ខ្ពស់របស់ខ្លួនក្នុងប្រតិបត្តិការច្បាស់លាស់ និងកំណត់គោលដៅប្រឆាំងនឹងទីបញ្ជាការចារកម្ម»។