ស៊ីហ្គេម៖ ទោះបីមិនទាន់មានការសម្រេចនូវជោគវាសនាស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាមក៏ពិតមែន តែក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ កាលពីល្ងាចថ្ងៃទី២៤ ខែមិថុនាម្សិលមិញ បានបង្ហាញនូវសញ្ញាណវិជ្ជមានមួយចំនួន បន្ទាប់ពីម្ចាស់ផ្ទះបានធ្វើការកែប្រែសេនារីយ៉ូថ្មីដោយកាត់បន្ថយមកនៅត្រឹម ២ជម្រើស ទី១-រក្សាការប្រកួតនៅដដែលចាប់ពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ និងទី២-អាចពន្យារពេលទៅខែមេសា ឬខែឧសភា ឆ្នាំ២០២២។
ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានឲ្យដឹងថា ទាំងកម្ពុជា និងបណ្ដាប្រទេសសមាជិកអាស៊ានផ្សេងទៀត សុទ្ធតែបានគាំទ្រការលុបចោលសេនារីយ៉ូទី៣ ដែលវៀតណាមចង់លើកពេលទៅឆ្នាំ២០២៥ ឬឆ្នាំ២០២៧ ហើយរក្សាទុកនូវសេនារីយ៉ូទី១ និងទី២។ ប៉ុន្តែជារួមបណ្ដាប្រទេសទាំងអស់ ចង់ឲ្យវៀតណាមរក្សាជំហររៀបចំការប្រកួតនៅដដែល និងរំពឹងថា រដ្ឋាភិបាលវៀតណាមនឹងអាចគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ បានទៀតផង។
យ៉ាងណាមិញទោះបីស៊ីហ្គេមឆ្នាំ២០២១ មានការប្រែប្រួល ឬអត់ក្ដី តែកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបន្ដវេន បាននឹងកំពុងសម្រួចទិសដៅការងាររបស់ខ្លួន ដោយស្វាហាប់ និងរឹងមាំ ពោលគឺមិនរង់ចាំការកំណត់ជោគវាសនាស៊ីហ្គេមនៅវៀតណាមឡើយ ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនាឆ្នាំ២០២៣ ស្របពេលបណ្ដាប្រទេសសមាជិកអាស៊ានទាំងអស់ ក៏បានសម្ដែងការគាំទ្រពេញទំហឹង ចំពោះការត្រៀមខ្លួនបានយ៉ាងល្អរបស់កម្ពុជាផងដែរ ពិសេសគឺជំហរគាំទ្រដ៏រឹងមាំរបស់រាជរដ្ឋាភិបាលកម្ពុជាតែម្ដង៕
អត្ថបទ៖ លី ឈុនឡា