
នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak ប្រឈមនឹងជម្លោះនៅសភា ជាមួយសមាជិកសភាក្រុមស្តាំនិយម ក្នុងគណបក្សរបស់លោក នៅសប្តាហ៍នេះ ខណៈដែលច្បាប់របស់លោក ដើម្បីរារាំងបញ្ហាប្រឈមផ្លូវច្បាប់ចំពោះផែនការនិរទេសអ្នកស្វែងរកសិទ្ធិជ្រកកោនទៅប្រទេសរ៉្វាន់ដា ត្រូវវិលត្រឡប់ទៅសភាវិញ។
រដ្ឋាភិបាលអង់គ្លេសកំពុងព្យាយាមកាត់បន្ថយការកើនឡើងនៃអ្នកស្វែងរកសិទ្ធិជ្រកកោន ដែលធ្វើដំណើរឆ្លងកាត់ដ៏គ្រោះថ្នាក់តាមទូកតូចៗ ពីប្រទេសបារាំងទៅកាន់ឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសអង់គ្លេស។ ភាគច្រើននៃអ្នកមកដល់តាមទូក និយាយថា ពួកគេកំពុងរត់គេចពីសង្គ្រាម និងភាពក្រីក្រ នៅមជ្ឈិមបូព៌ា អាហ្វ្រិក និងអាស៊ីខាងត្បូង។ ប៉ុន្តែរដ្ឋាភិបាលអង់គ្លេសនិយាយថា ប្រហែល ៩០ភាគរយ ដែលធ្វើដំណើរទៅដល់នោះ គឺជាបុរស ហើយភាគច្រើនជាជនអន្តោប្រវេសន៍ផ្នែកសេដ្ឋកិច្ច ជាជាងជនភៀសខ្លួនពិតប្រាកដ។
លោក Sunak បានប្រឈមនឹងហានិភ័យយ៉ាងធ្ងន់ធ្ងរបំផុត ចំពោះការដឹកនាំរបស់លោក ក្នុងខែធ្នូ នៅពេលដែលលោកបានបញ្ចប់ការបះបោរ ដែលគ្រោងឡើងដោយសមាជិកសភាជាច្រើននាក់របស់លោក ក្នុងអំឡុងពេលបោះឆ្នោតសភាលើកដំបូងលើសេចក្តីព្រាងច្បាប់នេះ។
រដ្ឋាភិបាលបានឈ្នះការបោះឆ្នោតនោះយ៉ាងស្រួលៗ បន្ទាប់ពីសមាជិកសភាមួយចំនួនបានសម្រេចបោះឆ្នោតអនុបវាទជាជាងបោះប្រឆាំង។ ប៉ុន្តែក្រុមប្រឆាំងបានព្រមានថា ពួកគេអាចបោះឆ្នោតទម្លាក់ច្បាប់នេះនៅដំណាក់កាលក្រោយៗនៃដំណើរការ នៅសភា លុះត្រាតែច្បាប់នេះត្រូវបានកែប្រែ។ សភានឹងបោះឆ្នោតលើសំណើវិសោធនកម្មជាបន្តបន្ទាប់ នៅថ្ងៃទី១៦ និងទី១៧ ខែមករា ក្នុងគោលបំណងបិទចន្លោះប្រហោងដែលអាចមាន ដើម្បីអាចទប់ស្កាត់អ្នកស្វែងរកសិទ្ធិជ្រកកោន ដែលត្រូវបានបញ្ជូនទៅប្រទេសរ៉្វាន់ដា៕