
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានជួបជាមួយអគ្គលេខាធិការអង្គការណាតូ (NATO) លោក Jens Stoltenberg នៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស នាថ្ងៃអង្គារ (ទី១៦ ខែមករា)។
ក្នុងជំនួបនេះ មេដឹកនាំទាំង២ បានពិភាក្សាថា តើជំនួយបន្ទាន់ប្រភេទណាដែលត្រូវការ ដើម្បីកំណត់តួនាទីដ៏មានប្រសិទ្ធភាព សម្រាប់អ្នកដឹកនាំវិស័យឯកជន និងសាធារណៈសកលលោក ក្នុងការស្ថាបនាប្រទេសឡើងវិញរយៈពេលវែង។
សូមរំលឹកថា លោក Zelenskiy បានប្រកាសជាលើកដំបូងនូវរូបមន្តសន្តិភាពរបស់លោក នៅឯកិច្ចប្រជុំកំពូលខែវិច្ឆិកានៃក្រុមប្រទេសសេដ្ឋកិច្ចធំៗចំនួន ២០។ រូបមន្តសន្តិភាពរបស់លោកអំពាវនាវឲ្យមានការស្ដារឡើងវិញនូវបូរណភាពទឹកដីរបស់អ៊ុយក្រែន ការដកកងទ័ពរុស្ស៊ី និងការបញ្ឈប់អរិភាព ក៏ដូចជាការដោះលែងអ្នកទោស និងអ្នកជាប់ឃុំទាំងអស់ ក្នុងចំណោមបញ្ហាផ្សេងៗទៀត។
តែយ៉ាងណាក្ដី វិមានក្រឹមឡាំង កាលពីថ្ងៃចន្ទ (ទី១៥ ខែមករា) បានច្រានចោលកិច្ចពិភាក្សា នៅទីក្រុង Davos ជុំវិញសំណើសន្តិភាពរបស់អ៊ុយក្រែន ដោយនិយាយថា គ្មានអ្វីអាចសម្រេចបានឡើយ ព្រោះរុស្ស៊ីមិនមែនជាផ្នែកនៃកិច្ចពិភាក្សានេះ៕